(ភ្នំពេញ)៖ ជំនួបបើកឆាកពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅលើទីលានពហុកីឡដ្ឋានជាតិ សល់ពេលតែ ១១ថ្ងៃទៀតប៉ុណ្ណោះនឹងចូលមកដល់ ស្របពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដាក់សំបុត្រចូលទស្សនាផ្លូវការព្រឹកនេះ ជាមួយនឹងតម្លៃថ្មី គឺប្រភេទទី១ តម្លៃ ១២,០០០រៀល និងប្រភេទទី២ មានតម្លៃ ៦,០០០រៀល។

ក្រុមរហស្សនាមគោព្រៃកម្ពុជា គឺស្ថិតក្នុងពូល A នៃពានរង្វាន់ប្រចាំតំបន់អាស៊ានខាងលើ ជាមួយក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ ចំពោះរូបមន្ដប្រកួត ត្រូវបានកំណត់ដោយការចាប់គូ ខណៈក្រុមនីមួយៗ សុទ្ធតែទទួលបានសិទ្ធិប្រកួតក្នុងដៃ ២ប្រកួតដូចៗគ្នា ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះកម្ពុជា បានបើកទ្វារផ្ទះប្រកួតក្នុងដីមុនគេ ដោយត្រូវជួបម៉ាឡេស៊ី នាថ្ងៃទី០៨ ខែវិច្ឆិកាសប្ដាហ៍ក្រោយ។

ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ ជាមួយក្រុមម៉ាឡេស៊ី នាសប្ដាហ៍ក្រោយ ក្រុមគោព្រៃកម្ពុជា បានឆ្លងកាត់ការប្រកួតមិត្តភាព ៣ប្រកួតរួចមកហើយ តែមិនទាន់ស្គាល់ពាក្យឈ្នះនោះទេ ក្នុងនោះធ្លាប់ចាញ់ម៉ាឡេស៊ី ៣-១, ចាញ់សិង្ហបុរី ២-១ និងស្មើទីម័រខាងកើត ២-២។ ដូច្នេះការជួបម៉ាឡេស៊ី ក្នុងពានរង្វាន់ AFF Suzuki Cup នាថ្ងៃទី០៨ ខែវិច្ឆិកា គឺជាការប្រកួតលើកទី៤ របស់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda និងគ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Felix Dalmas៕