(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសអំពាវនាវ ស្វែងរកជំនួយពីសប្បុរសជន ​តារាសម្តែងស្រី ​អ្នកនាង នៅ ណាវីន ដែលធ្លាក់ខ្លួនឈឺជំងឺក្រលៀន ត្រូវចេញទៅវះកាត់​នៅប្រទេសឥណ្ឌានោះ ពេលនេះត្រូវបានលោក ហែម ដារិទ្ធិ អភិបាល នៃ​គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារ ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាល និងដោះស្រាយតម្រូវការផ្សេង។

បើតាមការបញ្ជាក់ឲ្យដឹង ពីលោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា តារាសម្តែងអ្នកនាង នៅ ណាវីន បានទទួលការឧបត្ថម្ភនូវថវិកាចំនួន ៥០០ដុល្លារ ពីលោក ហែម ដារិទ្ធិ អភិបាលនៃ​គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីតារាសម្តែង និងកំប្លែងរូបនេះ បានបង្ហោះក្នុង Facebook អំពាវនាវដល់សប្បុរសជនឲ្យជួយអ្នកនាងផង ដោយអ្នកនាងកំពុងមានជំងឺខូចក្រលៀនដំណាក់កាលចុងក្រោយ។

លោក អ៊ឹម ជីវ៉ា បាននិយាយទៀតថា «អ្នកនាង នៅ ណាវីន គឺត្រូវលាងឈាមរាល់ពីរដង ក្នុងមួយសប្តាហ៍ តារារូបនេះ គ្មានលទ្ធភាពព្យាបាលឡើយ ដោយមើលឃើញពីការខ្វះខាត របស់តារាសម្តែងអ្នកនាង នៅ ណាវីន លោក ហែមដារិទ្ធ ក៏ចាត់ឲ្យ​ខ្ញុំ អ៊ឹម ជីវ៉ា យកថវិកា​ចំនួន៥០០ដុល្លារ ទៅជួយល់អ្នកនាង នៅមន្ទីពេទ្យព្រះកេតុមាលា»

បន្ថែមពីលើនេះលោក អ៊ឹម ជីវ៉ា បានលើកឡើងទៀតថា ក្នុងនោះបើទោះបីការងារលោកអភិបាលខណ្ឌរវល់យ៉ាងណា លោក ហែម ដារិទ្ធិ ក៏បានផ្តាំផ្ញើសួសុខទុក្ខ និងជូនពរឲ្យអ្នកនាង ឆាប់បានជាសះស្បើយ ដើម្បីឆាប់បានចូលសម្តែងក្នុងវិស័យសិល្បៈបន្ត​ទៀត។

សូមបញ្ជាក់ថា នេះជាករណីទី២ហើយ សម្រាប់តារាសិល្បៈរបស់ខ្មែរ ដែលបានប្រឈមចំពោះបញ្ហាជំងឺក្រលៀន តម្រូវឲ្យចេញទៅព្យាបាល និងវះកាត់ដូរក្រលៀន នៅប្រទេសឥណ្ឌា។ ជាក់ស្តែងករណីទី១ បានកើតមាន ចំពោះតារាសម្តែងប្រុស លោក យូ ឌីស្កូ ប៉ុន្តែបន្ទាប់ពីមានការអំពាវនាវ ស្វែងរកជំនួយតាមរយៈសមាគមសិល្បករខ្មែរ និងក្តីអាណិតអាសូរ ពីមហាជន លោកក៏ទទួលបានការជួយសង្គ្រោះជីវិត។ ចំណែកឯករណីទី២នេះ គឺកំពុងតែកើតមាន លើតារាសម្តែងស្រីអ្នកនាង នៅ ណាវីន តែម្តង៕