(​ភ្នំពេញ)៖ កញ្ញា វ៉ាង ស្រីណូ ហាក់កំពុងតែលាក់ខ្លួនពួនអាត្មា ដាច់ឆ្ងាយពីវិស័យសិល្បៈ ស្ទើរតែទាំងស្រុងទៅហើយ ខណៈដែលថ្មីៗនេះ បានលេចចំហាយព័ត៌មានដ៏រសើបមកថា នាងកំពុងតែរងមន្ទិលសង្ស័យ មានចំណងស្នេហ៍លាក់បាំងយ៉ាងជិតឈឹង ជាមួយនឹងបុរសថៅកែពេជ្រ នៅសាំងហ្គាពួរម្នាក់ ដែលធ្វើឲ្យមហាជន អើតកចំហមាត់ចង់ដឹងគ្រប់ៗគ្នា ជុំវិញដំណើរជីវិតឯកជនរបស់នាង។

ជាការពិតណាស់ អតីតតារាសិចស៊ី នាង វ៉ាង ស្រីណូ ត្រូវបានទស្សនិកជនដឹងយ៉ាងប្រាកដថា នាងបានបាត់ខ្លួនឈឹងពីចង្កោមអ្នកសិល្បៈ​អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ក្នុងនោះសូម្បីតែការទំនាក់ទំនង ជាមួយនឹងអ្នកសិល្បៈដូចគ្នា តាមរយៈបណ្ដាញសង្គមផ្សេងៗ ក៏ហាក់ស្ងាត់សូន្យឈឹង មិនដូចតារាមួយចំនួនទៀតឡើយ។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ ជាថ្មីនោះ ស្រាប់តែពេលនេះ តារាដើមទ្រួងធំទ្រលុកទ្រលន់ គន់មិនចេះណាយ វ៉ាង ស្រីណូ បានលេចមុខជាមួយបុរសម្នាក់ ដែលគេសង្ស័យថា ជាគូស្នេហ៍ថៅកែលក់ពេជ្រ នៅសាំងហ្គាពួរ ​ដោយអ្នកទាំង២ បានយកថវិកាចំនួន១ម៉ឺនដុល្លារ ប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងវត្តមួយនៅខេត្តកណ្ដាល ហើយក្នុងនោះ វ៉ាង ស្រីណូ បានអះអាងថា ថវិកាទាំងនោះជារបស់ប៉ាម៉ាក់នាង ពាក់កណ្ដាល និងរបស់នាងផ្ទាល់ ពាក់កណ្ដាល​។

អតីតតារាសម្ដែងសិចស៊ី មិនសំចៃដៃ កញ្ញា វ៉ាង ស្រីណូ នេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា នាងបានទិញវីឡាភ្លោះ តម្លៃជាង១លានដុល្លារ នៅក្នុង បុរីប៉េង ហួត (បឹងស្នោ) ចំពេលដែលមានព័ត៌មានថា នាងមានទំនាក់ទំនងស្នេហា ជាមួយលោកថៅកែលក់ពេជ្រ នៅសាំងហ្គាពួរម្នាក់។ ប៉ុន្ដែ វ៉ាង ស្រីណូ មិនដែលហ៊ានចេញមុខលាតត្រដាង រឿងស្នេហានោះឡើយ សូម្បីតែផ្ទះវីឡាលេចឡើងជ្រងោរៗ នៅបឹងស្នោ ដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់នាងគ្រប់គ្នានោះ ក៏អតីតតារារូបនេះ ព្យាយាមលាក់លៀមរហូតមកដែរ។

ប្រភពបានបង្ហើបឲ្យដឹងទៀតថា ពេលនេះ នាងស្រីណូ បានដល់ត្រើយសុខសាន្ដត្រាណហើយ ព្រោះមានទ្រព្យដូចសេដ្ឋិនី ហើយនាងគ្មានគម្រោងវិលត្រឡប់ មករកអាជីពចាស់វិញនោះទេ។ កញ្ញា វ៉ាង ស្រីណូ ដែលបោះបង់អាជីពភាពយន្ដជាច្រើនឆ្នាំមកហើយ ​ពោលគឺរស់នៅសម្ងំសោយសុខលើគំនរទ្រព្យ​ និងតែងតែបង្ហាញភាពហ៊ឺហា តាមរយៈការជិះរថយន្ដទំនើបៗ ហើយនាងពាក់គ្រឿងអលង្ការពេជ្រទាំងឈុតៗ មិនចាញ់ជំទាវៗមួយចំនួនឡើយ​៕