(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកកម្ពុជា​ សាលី អ៊ូមើត បានក្លាយជាម្ចាស់ជើងឯកមេដាយមាស​ គ្រាដែលមិត្តរួមជាតិទទួលបានលេខ៥ ក្នុងកម្មវិធី International Jet ski Open 2018 នៅចិន​ ដោយបានយកឈ្នះកីឡាករជើងខ្លាំងមកពីបណ្តាប្រទេសជាច្រើនប្រមាណជាង ១១ប្រទេសនៃវគ្គផ្តាច់ព្រ័ត្រ​ នៅថ្ងៃអាទិត្យ​ ទី២៨ ខែតុលា ឆ្នាំ២០១៨។

អ៊ូមើត ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ​ ក្រោយប្រកួតចប់ក្នុងបណ្តាញសង្គមថា  «ជំរាបសួរពុកម៉ែបងប្អូនសំរាប់ថ្ងៃនេះផងដែរខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានយកមេដាយមាសជូនជាតិមាតុភូមិរបស់យើង ហើយនឹងពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នា និងជាពិសេសសូមអរគុណដល់អ្នកមានគុណរបស់ខ្ញុំ ដែលគាត់តែងតែផ្ដល់កម្លាំងចិត្តដល់ខ្ញុំជានិច្ច»

សម្រាប់ អ៊ូមើត គឺជាម្ចាស់មេដាយមាសក្នុងកម្មវិធីខាងលើ និងជាម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី បានបន្តថានេះជាការប្រកួតដណ្តើមប្រាក់រង្វាន់ និងមេដាយជូនកម្ពុជាបន្តទៀត ខណៈកាលពីមុនថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត រូបគេមានសង្ឃឹមតែ ៥០%ប៉ុណ្ណោះ​ ដោយសារតែមានបញ្ហាសុខភាព​ និងហ្វឹកហាត់មិនបានគ្រប់គ្រាន់ តែជាលទ្ធផលរូបគេនៅតែអាចទទួលបានជ័យជម្នះ បើទោះជាការប្រកួតវគ្គចុងក្រោយរូបគេធ្វើមិនបានល្អក៏ដោយ៕