(មេនឆេស្ទើ)៖​ ក្រុមកុមារាថៃ ១២នាក់ដែលត្រូវបានសង្គ្រោះចេញពីរូងភ្នំ មានវត្តមាននៅក្នុងកីឡដ្ឋាន Old Trafford ដើម្បីទស្សនាផ្ទាល់ការប្រកួតរវាងក្លឹប បិសាចក្រហម​ Manchester United ទុលនឹងក្រុមភ្ញៀវ  Everton ជាការប្រកួតក្នុងក្របខ័ណ្ឌ Premier League ជើងទី ១០នាម៉ោង១១យប់ថ្ងៃអាទិត្យទី២៨ខែតុលាឆ្នាំ២០១៨នេះ។

សម្រាប់ក្មេងទាំងនេះដែលជាសមាជិកក្រុមបាល់ទាត់យុវជនមួយក្នុងប្រទេសថៃ ត្រូវបានសង្គ្រោះចេញពីរូបភ្នំថាំហ្លួងក្នុងកាលពីខែកក្កដា បន្ទាប់ពីជាប់ក្នុងនោះអស់រយៈពេល២សប្ដាហ៍។

លោកអនុប្រធានប្រតិបត្តិក្លិបបិសាចក្រហម Ed Woodward បានផ្តល់ឱកាសឲ្យក្មេងៗ មើលការប្រកួតរបស់ Man Utd ផ្ទាល់ដែលជាក្លឹបមានឈ្មោះល្បីជុំវិញពិភពលោក។

ក្មេងៗទាំងនេះក៏បានជួបផ្ទាល់ជាមួយលោកគ្រូបង្វឹក Jose Mourinho កាលពីម្សិលមិញ ពួកគេនឹងដើរស្របតាមខ្សែបន្ទាត់ទីលានមុនទស្សនាការប្រកួត៕