(ភ្នំពេញ)៖ ជាការពិត​កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កញ្ញា គង់ កែវមរកត ដែលជាអតីតបេក្ខនារីក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣ បានចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ​មានការផ្សាយផ្ទាល់លើទូរទស្សន៍ Fresh News និងKhmer Talking។ ពេលទស្សនិកជនកំពុងទស្សនាយ៉ាងច្រើនកុះករ តាមរយៈការ Live ផ្ទាល់របស់ទូរទស្សន៍ Fresh News កញ្ញា គង់ កែវមរកត បាននិយាយពាក្យគួរឲ្យចាប់អារម្មណ៍ មានខ្លឹមសារយ៉ាងដូច្នេះថា «នាងមិនខ្វល់នឹងសំដីរបស់មហាជន ដែលថាអ្នកសិល្បៈសុទ្ធតែមិនល្អ ខណៈនាងប្រកាន់ជំហរថា អាស្រ័យលើបុគ្គិលខ្លួនឯង»

ការលើកឡើងបែបនេះ បន្ទាប់ពីមានការសាកសួរ ពីសំណាក់ពិធីករដ៏ស្រស់សោភារបស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថា តើកញ្ញា គង់ កែវមរកតយល់ឃើញយ៉ាងណា ចំពោះការលើកឡើងរបស់មហាជន​ដែលថា អ្នកសិល្បៈមិនល្អ មានរឿងអាស្រូវពីនេះពីនោះ មិនចេះចប់មិនចេះហើយបែបនេះ? ដោយមិនបង្អង់យូរចម្រៀងតារាស្រីវ័យក្មេង បានឆ្លើយទាំងទឹកមុខ ញញឹមថា «សម្រាប់ខ្ញុំ ចំពោះរឿងរ៉ាវទាំងអស់នេះ មិនមែនកើតឡើងតែចំពោះអ្នកសិល្បៈទេ ហើយបញ្ហាហ្នឹង គឺកើតឡើងទៅតាមបុគ្គល អាស្រ័យលើយើងខ្លួនឯង ខណៈរឿងហ្នឹងកើតឡើង ចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់ គេតែងតែនិយាយពីនេះពីនោះ ​គ្រាន់តែថា អ្នកសិល្បៈគេចាប់អារម្មណ៍ជាង»

ស្រីស្រស់ គង់ កែវមរកត ដែលត្រូវបានមហាជននាំគ្នាខ្សឹបថា មានទំនាក់ទំនងពិសេសជាមួយដៃគូចម្រៀង គឺលោក វង្ស ថាណាន់ ដោយនាងបានសង្កត់ធ្ងន់ថា «ការចូលសិល្បៈដែលត្រូវបានគេ និយាយពីនេះពីនោះ គឺមិនសំខាន់ (មិនខ្វល់) នោះទេ អ្វីដែលសំខាន់គឺខ្លួនរបស់យើងផ្ទាល់តែម្តង»

តារាចម្រៀងស្រីវ័យក្មេង ទើបពន្លកក្នុងវិថីសិល្បៈ ដែលមានមហិចតាខ្ពស់ ចង់ក្លាយជាតារាចម្រៀងល្បីឈ្មោះ និងជាតារាភាពយន្តមួយរូប គឺកញ្ញា គង់ កែវមរកត និយាយបន្ថែមទាក់ទងនឹង ការលើកឡើងថា «ចំពោះអ្នកសិល្បៈបើចង់ចូលរួមសម្តែងភាពយន្ត ឬធ្វើឲ្យបានល្បីដូចជាការបានតំណែងជាតួឯក គឺត្រូវតែមានការដោះដូរជាមួយផលិតករ?»។ ចំពោះការលើកឡើងបែបនេះ សម្រាប់កញ្ញា គង់ កែវមរកត នាងយល់ឃើញយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំវិស័យភាពយន្ត គ្រាន់តែជាការសម្តែង ឲ្យមហាជនបានទស្សនិកជន តែប៉ុណ្ណឹងទេ តែបើពិតជាមានរឿងដូចការលើកឡើងបែបនេះមែន គឺសំខាន់លើភាពឆ្លាតវៃរបស់យើងម្នាក់ លើការដោះស្រាយ តែមិនមែនដោះស្រាយ ទៅតាមតម្រូវការរបស់គេទេ គឺដោះស្រាយនូវអ្វី ដែលយើងមិនអាចនឹងបាត់បង់»។  

យ៉ាងណាមិញ បន្ទាប់ពីទស្សនិកជន ការសម្ភាសន៍ផ្ទាល់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា គង់ កែវមរតក ត្រូវបានមហាជនមើលឃើញថា នាងពិតជាមានភាពឆ្លាតវៃ និងជាតារាដែលភាពរួសរាយរាក់ទាក់​ ទោះបីជាតារាស្រីវ័យក្មេងក្តី តែចរិតលក្ខណៈ ការឆ្លងឆ្លើយជាមួយពិធីការិនី គឺតារារូបនេះមានភាពឆ្លាតវៃមែន​។