(ក្រុងឡុងដ៍)៖​ ក្លឹបមាន់ខ្នាយមាស​ Tottenham Hotspur នឹងបន្តប្រើប្រាស់កីឡដ្ឋាន Wembley យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំនេះ ដោយសារពេលវេលាសម្ពោធដាក់ឲ្យប្រើប្រាស់កីឡដ្ឋានថ្មីនៅមិនទាន់ច្បាស់លាស់នៅឡើយ អាស្រ័យដោយគិតដល់កង្វះកម្លាំងពលកម្មរបស់កម្មករក្នុងអំឡុងរដូវកាលឈប់សម្រាក រាល់ការប្រកួតក្នុងទឹកដីទាំងអស់របស់ក្លឹបនេះនឹងត្រូវរៀបចំក្នុងកីឡដ្ឋាន Wembley យ៉ាងហោចណាស់ រហូតដល់ការប្រកួតជាមួយក្លឹប Wolverhampton Wanderers នៅថ្ងៃសៅរ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។

លោក Daniel Levy បាននិយាយថា សម្រាប់ពេលវេលាសាងសង់បង្ហើយនៃកីឡដ្ឋានថ្មីរបស់ក្លឹប Tottenham មិនឋិតនៅក្រោមការគ្រប់គ្រងរបស់ក្លឹបនោះទេ ដោយស្ថិតក្រោយការគ្រប់គ្រង់របស់ក្រុមហ៊ុនដែលទទួលសាងសង់ លោកបានបញ្ជាក់ថា នឹងបន្តប្រើប្រាស់កីឡដ្ឋាន Wembley សម្រាប់រៀបចំការប្រកួតនានា។

លោក Levy បានបន្តថា៖ “យើងចង់ការប្រកាសថ្ងៃសម្ពោធពិតប្រាកដនឹងការប្រកួតនៅកីឡដ្ឋានថ្មីរបស់យើង ប៉ុន្តែដោយសារយើងមិនអាចបញ្ជាក់ច្បាស់លើស្ថានភាពនេះបាន ហើយយើងនឹងបន្តដាក់សម្ពាធទៅលើក្រុមហ៊ុនសំណង់ឲ្យបង្កើនល្បឿន ប៉ុន្តែយើងក៏ត្រូវផ្ដល់ព័ត៌មានច្បាស់លាស់ដល់អ្នកគាំទ្រពាក់ព័ន្ធនឹងការប្រកួតដែរ ជាពិសេសក្នុងអំឡុងបុណ្យណូអែល និងថ្ងៃចូលឆ្នាំសកល ហើយលោក Levy បានបញ្ជាក់ថាអាចនឹងមានព័ត៌មានថ្មីពាក់ព័ន្ធនឹងដំណើរការសាងសង់នេះនៅក្នុងខែធ្នូ៕