(ភ្នំពេញ)៖ មហោស្រពភាពយន្តខ្លី «ចតុមុខ» ដែលហៅកាត់ជាភាសាអង់គ្លេសថា CSFF គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលតាក់តែងឡើង ដើម្បីឲ្យសមិទ្ធិករ ភាពយន្តជាតិ និង​អន្ដរជាតិ បង្ហាញស្នាដៃ ក៏ដូចជាទេពកោសល្យ របស់ពួកគេ ជូនទៅដល់សាធារណជន តាមរយៈការផលិតភាពយន្តខ្នាតខ្លីរបស់ខ្លួន។ នៅឆ្នាំ២០១៨​ នេះគឺជាលើកទី ៧ហើយ ដែលមហោស្រពភាពយន្តខ្លី បានបង្ហាញខ្លួន​ក្នុងគម្រប់ខួបលើកទី៧ នៃការដំណើរការប្រកូតប្រជែង​ភាពយន្តខ្លី  ដែលធ្វើឡើងនៅសាលមហោស្រពចតុមុខ កាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅនេះ។

ជាមួយគ្នានេះផងដែរ មហោស្រពភាពយន្តខ្លីចតុមុខ នឹងចាក់បញ្ចាំងរឿង​ចំនួន ៧៧ រឿង មានទាំងរឿងខ្មែរ និង​រឿងបរទេសចំនួន ៤ ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៨ នេះ។

លោក គាំ វុត្ថា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ​២០១៨ បាននិយាយថា កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងចង់ឲ្យផលិតករវ័យក្មេងគ្រប់រូប បានបញ្ចេញស្នាដៃ និង ទេពកោសល្យ ដែលខ្លួនមាន​ទៅកាន់មហាជន។ ដោយឡែក​សម្រាប់ឆ្នាំ២០១៨នេះ រឿងចំនួន ២៥ ត្រូវបានជាប់នៅ ក្នុងការដាក់បញ្ចាំងលើអេក្រង់ធំ។ ចំពោះរបៀបវាយតម្លៃ បេក្ខភាព គឺធ្វើឡើង តម្រូវទៅតាមសាច់រឿង ហើយគណៈកម្មការ៣​រូប ជាអ្នកដាក់ពិន្ទុទៅលើអត្ថន័យ ខ្លឹមសារ សាច់រឿង រូបភាពការដឹកនាំសម្ដែង របស់បេក្ខភាព។

លោកបញ្ជាក់ថា «ពីមួយឆ្នាំទៅមួយឆ្នាំ ពួកយើងតែងតែ ទទួលបាននូវគំនិតថ្មីៗ ហើយផលិតករគ្រប់រូប ដែលចូលរួម ពួកគាត់មានគំនិតច្នៃប្រឌិតខ្ពស់ អាចនិយាយបានថា នេះគឺជាភាពរីកចម្រើនថ្មីមួយ នៅក្នុងវិស័យភាពយន្ត ដែលអាចធ្វើឲ្យកម្ពុជា ឈានទៅរកការប្រកួតប្រជែង ដល់ឆាកអន្ដរជាតិ​»

លោកបានបន្តទៀតថា «កម្មវិធីមួយនេះ មិនមែនត្រឹមតែបង្ហាញស្នាដៃរបស់សមិទ្ធិករ ទៅកាន់មហាជន​នោះទេ ប៉ុន្តែនេះ​ក៏ជាផ្នែកមួយ ក្នុងការបង្កើនវិស័យភាពយន្តខ្មែរ ឲ្យមានការរីកចម្រើន។ ជាក់ស្ដែងឆ្នាំនេះ សន្ទុះបច្ចេកទេសនៃការដឹកនាំសម្ដែង និង​ការថត គឺពិតជាមានភាពរីកចម្រើនខ្លាំង ជាងឆ្នាំមុនៗច្រើន ហើយបេក្ខភាពដែលធ្លាប់ប្រឡងឆ្នាំចាស់ៗ ក៏បានដាក់ពាក្យចូលរួម​ផងដែរ ដូច្នេះ​ពួកគាត់មួយចំនួន គឺមានបទពិសោធន៍ និងមានគុណភាពនៃការថតច្បាស់ល្អ​»

សូមជម្រាប​ថា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានបើកទទួលយកភាពយន្តខ្នាតខ្លី តាំងពីដើមឆ្នាំ ២០១៨ មកម្ល៉េះ  សម្រាប់ការប្រកួតប្រជែង ដោយក្នុងនោះ​មានភាពយន្តខ្លី ក្នុង និង ក្រៅប្រទេស​ចំនួន ៣០១ រឿង។ បន្ទាប់ពីសម្រិតសម្រាំងយករឿង ដែលមានគុណភាពខ្លឹមសារ និង​អត្ថន័យរួចមក មហោស្រពភាពយន្តខ្នាតខ្លី​ចតុមុខ បានជ្រើសរើសរឿងខ្លី ចំនួន ៧៧ រឿង ទៅដាក់បញ្ចាំងនៅតាមរោងភាពយន្ត មានដូចជា រោងភាពយន្ត មេជ័រ ស៊ីណេផ្លិច រោងភាពយន្តលេជេន និង រោងភាពយន្តប្រាមស៊ីណេផ្លិច។

ដោយឡែក វិទ្យាស្ថានបារាំង នឹងរៀបការចាក់បញ្ចាំងពិសេសនូវរឿង ជយលាភី​៣​ឆ្នាំចុងក្រោយ ពីមហោស្រព។ ដូច្នេះសូមសាធារណជន កុំភ្លេចអញ្ជើញចូលរួមទស្សនាភាពយន្តខ្នាតខ្លី ឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយគាំទ្រ ស្នាដៃផលិតដោយកូនខ្មែរ​៕