(ភ្នំពេញ)៖ អតីត​តារា​សម្ដែង​ជើងចាស់ ល្បីឈ្មោះ​មួយរូប និងជា​សាស្ត្រាចារ្យ ​នៃមហាវិទ្យាល័យ​សិល្បៈ​នាដសាស្ត្រ គឺ​លោក នូ យុទ្ធិរិទ្ធ ​​បាន​ទទួល​មរណភាព​ទៅ​ហើយ ​កាល​ពី​ម៉ោង​១​រំលង​អាធ្រាត្រ​យប់​មិញ​នេះ ដែលដំណឹងនៃការទទួលមរណភាពរបស់លោក បានធ្វើឲ្យមហាជន ក៏ដូចជា​អ្នកសិល្បៈ មានការស្លុតចិត្តយ៉ាងខ្លាំង និងបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ​។​  អតីត​សិល្បករ​ជើង​ចាស់​ លោក នូ យុទ្ធិរិទ្ធ បានទទួលមរណភាព ​ដោយសារ​ជំងឺ​គាំង​បេះ​ដូង នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត កាលពី​វេលា​ម៉ោង​ជិត​១ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី ២៧ ខែ​តុលា ឆ្នាំ​២០១៨ ។

ដោយយោងតាមគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ទាំង អារម្មណ៍​យ៉ាងសោកសៅថា «​បងប្រុស​ នូ យុទ្ធិរិទ្ធ តារាសម្តែង និងជាសាស្ត្រាចារ្យ មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅ​មន្ទីរពេទ្យកាល់​ម៉ែត កាលពី​វេលាម៉ោង​ជិត​១ ​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី ២៧ ខែតុលា ២០១៨ សព្វតម្កល់នៅវត្តកោះក្របី។ សូម​ឲ្យ​ដួងវិញ្ញាណក្ខន្ធ បងប្រុស​​បាន​ទៅ​កាន់​សុគតិភព​»

តាមរយៈដំណឹង នៃមរណភាព ដែលពោរពេញទៅដោយទុក្ខសោកយ៉ាងក្រៀមក្រំ និងសោកស្ដាយ របស់សម្ដែង​ជើងចាស់ ​លោក នូ យុទ្ធិរិទ្ធ បានធ្វើអ្នកលេងបណ្ដាញសង្គម រួមទាំងអ្នកសិល្បៈ បាននាំគ្នាចូលរួមរំលែកទុក្ខ ព្រមទាំងបួងសួង ឲ្យវិញ្ញាណក្ខន្ធលោក ទៅកាន់សុខគតិភព ផងដែរ។

គួររំឮកផងដែរ លោក នូ យុទ្ធិរិទ្ធអតីត​តារា​សម្ដែងល្ខោនបាសាកដ៏ល្បីនាឆ្នាំ១៩៨៥ ក្នុងរឿងទឹករាំផ្ការាំ​​​និងល្ខោនយីកេរ៏នាពេលនោះផងដែរ៕