(ភ្នំពេញ)៖ អ្នកនាង ឡាយ លក្ខិណា ដែលបាត់មុខពីសិល្បៈមួយរយៈធំហើយនោះ ថ្មីៗនេះ បែរបានជាមកដឹកដៃប្រុសក្មេង គឺតារាចម្រៀង លោក នៅ ស៊ីនឿន ដើម្បីរួមគ្នាទៅសម្ដែងជាលើកដំបូង នៅលើទឹកដីនៃប្រទេសកាណាដា ក្នុងនោះពួកគេទាំងពីរ បានត្រៀមនូវបទចម្រៀង និងស្ទីលប្លែកៗថ្មីជាច្រើន ដើម្បីបម្រើអារម្មណ៍ ដល់បងប្អូនខ្មែរ ដែលកំពុងរង់ចាំទស្សនា នៅទីនោះ។

នេះអាចចាត់ទុកថា ​ជាលើកទីមួយហើយ សម្រាប់អ្នកនាង ឡាយ លក្ខិណា ដែលត្រូវទៅច្រៀងសម្តែងនៅក្រៅប្រទេស ខណៈដែលមុននេះ មានព័ត៌មានថា អ្នកនាង ឡាយ លក្ខិណា ត្រូវទៅច្រៀងសម្តែងនៅអាមេរិក តែដល់ពេលចេញដំណើរ បែរជា​ត្រូវចេញទៅកាណាដា ទៅវិញ។

តារាចម្រៀង ឡាយ លក្ខិណា បាន​ប្រាប់​ឲ្យដឹងមុនពេលចេញដំណើរ ទៅកាណាដា​ថា ​នាងនឹងត្រូវចេញសម្តែងជាលើកដំបូង នៅប្រទេសកាណាដា ជាមួយលោក នៅ ស៊ីនឿន នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ ហើយតាមគម្រោង នៅ ស៊ីនឿន ច្រៀងជាមួយអ្នកនាងតែ១ខែទេ ហេតុនេះហើយអ្នកនាងត្រូវច្រៀង ជាមួយតារាចម្រៀងខ្មែរ នៅទីនោះ២ខែ បន្តទៅទៀត ហើយ​នៅថ្ងៃទី០៥ ខែកុម្ភៈ ទើបអ្នកនាងត្រូវវិលត្រឡប់ មកស្រុកខ្មែរវិញ។

ឡាយ លក្ខិណា បន្ថែមទៀតថា ​ដោយសារតែអ្នកនាង បានប្រឡូកក្នុងអាជីពសម្តែង និងច្រៀង ជាង១០ឆ្នាំមកហើយ ហេតុនេះការច្រៀងបំពេឲ្យបងប្អូននៅកាណាដា កម្សាន្តនោះ មិនជាឧបសគ្គនោះឡើយ ហេតុនេះហើយ អ្នកនាងមិនមានការព្រួយបារម្ភច្រើននោះទេ​។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការដល់ប្រទេសកាណាដា លើកដំបូងនោះ អ្នកនាងឡាយ លក្ខិណា ត្រូវថតសំឡេងឲ្យក្រុមហ៊ុនមួយឈ្មោះ ស៊ី ប្រូដាក់សិន ដែលដំណាក់កាលដំបូង ក្រុមហ៊ុននេះធ្វើបទឲ្យអ្នកនាង លក្ខិណា ច្រៀង៦បទ តែបទដែលត្រូវថតមាន២បទសិន  ហើយនោះគឺជាបទហ៊ីបហប ដែលអ្នកនាងលក្ខិណា មិនដែលជួបប្រទះសោះពីមុន។

អ្នកនាង ឡាយ លក្ខិណា បាននិយាយលាយឡំសំណើចកក្អឹកថា ​នាងពិតជាត្រូវថតបទ Hip Hob ២បទ ឲ្យខាងផលិតកម្មគេនោះមែន ព្រោះថា ពេលនេះ អ្នកនាងបានក្លាយទៅជាសមាជិក របស់ផលិតកម្មគេនោះហើយ៕