(ភ្នំពេញ)៖ ជាការពិត កម្ពុជាបានបញ្ចូនបេក្ខនារីជាបន្តបន្ទាប់ ទៅបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈបើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់ បេក្ខនារីកម្ពុជាក៏មានសមត្ថភាពមិនអន់នោះដែរ។ ទោះជាលទ្ធផលទទួលបានយ៉ាងណា ក៏ប្រជាជនកម្ពុជា និងទស្សនិកជនអាចទទួលយកបាន និងមានមោទនភាពជានិច្ច ដែលខ្មែរយើងមានសមត្ថភាពបង្ហាញលើឆាកអន្តរជាតិ ព្រមទាំងជួយផ្សព្វផ្សាយវប្បធម៌ជាតិ។ ជាមួយគ្នានេះ នៅថ្ងៃ ២៩ ខែវិច្ឆិកា ខាងមុខនេះ កម្ពុជាបានបញ្ចូនបេក្ខនារី រឿង ណាត ទៅប្រកួតក្នុងកម្មវិធី «បវរកញ្ញាចក្រវាឡ» ឆ្នាំ ២០១៨ នៅប្រទេសថៃ ខណៈនាងបានត្រៀមខ្លួនរួចជាស្រេច ទាំងសម្ភារៈ និងការហ្វឹកហាត់។

លោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Arise Agency បានថ្លែងប្រាប់ Khmer Talking តាមរយៈទូរស័ព្ទថ្មីៗនេះ យ៉ាងដូច្នេះថា «សម្រាប់ម្ចាស់ជយលាភីកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ កញ្ញា រឿង ណាត ដែលនឹងទៅប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាឡ ឆ្នាំ ២០១៨ នាពេលខាងមុខ បានត្រៀមខ្លួនរួចជាស្រេច ខណៈបច្ចុប្បន្នកំពុងធ្វើការ ការហ្វឹកហាត់សមត្ថភាពជារៀងរាល់ថ្ងៃ ទាំងចំណេះដឹងទូទៅ ការដើរផ្ទាល់ជាមួយឈុតប៊ីគីនី, ឈុតរាត្រីសមោស និងការដើរបែប Cat Walk ជាដើម»។ សម្រាប់សម្ភារៈ មានសម្លៀកបំពាក់តំណាងជាតិ ព្រមទាំងគ្រឿង អលង្កាផ្សេងៗក៏ត្រៀមរួចជាស្រេចផងដែរ»

លោក ម៉ែន និមលរតន៍ បានបង្ហាញក្តីរំពឹងយ៉ាងដូច្នេះថា «ទាំងលោក និងក្រុមហ៊ុន ព្រមទាំងអ្នកគាំទ្រក៏មានក្តីសង្ឃឹមលើកញ្ញា រឿន ណាត ច្រើនណាស់ដែរ ទោះមើលទៅហ្វីលីពីន ហាក់លេចធ្លោរជាងគេក៏ពិតមែន តែបើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់កម្ពុជាមិនអន់នោះទេ។ ទន្ទឹមគ្នានឹងក្តីសង្ឃឹមនេះ លោកក៏សំណូមពរឱ្យទស្សនិកជន ជួយគាំទ្របេក្ខនារីរបស់កម្ពុជាក្រុមកម្មវិធីផងដែរ ជាពិសេសគាំទ្រ កញ្ញា រឿង ណាត ដែលនឹងទៅប្រកួតនាពេលខាងមុខតែម្តង ដើម្បីជាទឹកចិត្តមួយដល់កញ្ញា ក្នុងការបំពេញបេសកម្មនៅប្រទេសថៃ»

ដោយឡែកងាកមករក បវរកញ្ញាម្នាក់ផ្សេងទៀត គឺកញ្ញា កែវ សេងលីហួ វិញ បច្ចុប្បន្ននាងកំពុងបំពេញតួនាទីយ៉ាងស្វិតស្វាញ ក្នុងកម្មវិធី «Miss Earth International» 2018 នៅទឹកដីហ្វីលីពីន ខណៈបច្ចុប្បន្នក៏មានការបោះឆ្នោតតាមរយៈការ Vote នៅលើប្រព័ន្ធអ៊ិនធើណេតផងដែរ។ តែសម្រាប់លទ្ធផលក្នុងវគ្គផ្តាច់ព័្រត្រយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ។ ដូច្នេះ ដើម្បីលើទឹកចិត្តដល់បេក្ខនារីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋខ្មែរជួយបោះឆ្នោតគាំទ្រកញ្ញា កែវ សេងលីហួរ ទាំងអស់គ្នា ដោយគ្រាន់តែចូលទៅផេក «Miss Earth» រួចធ្វើការ Like និង Share លើរូបរបស់កញ្ញា លីហួរ ជាករស្រេច ខណៈកម្មវិធីនេះ នឹងបញ្ចប់នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ។

ជាចុងក្រោយ លោក ម៉ែន និមលរតន៍ បានសំណូមពរឱ្យបងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈ ជួយគាំទ្របេក្ខនារីកកម្ពុជាដែលទៅប្រឡងលើឆាកអន្តរជាតិ រាល់កម្មវិធីទាំងអស់ តាមរយៈការបោះឆ្នោតគាំទ្រ ការ Like និង Shareជាដើម។ លើសពីនេះលោកក៏ផ្តាំផ្ញើរដល់យុវជន និងយុវតី ដែលមានរូបសម្រស់ស្រស់ស្អាត និងមានបំណងចង់ក្លាយជាតារាម៉ូដែល អាចមកចុះឈ្មោះចូលរៀននៅក្រុមហ៊ុន Arise Agency បាន ដែលក្រុមហ៊ុននឹងធ្វើការហ្វឹកហាត់ ឱ្យមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងទាំងកម្មវិធីក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

កញ្ញា រឿង ណាត

កញ្ញា កែវ សេងលីហួ

លោក ម៉ែន និមលរតន៍