(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ តារាសម្ដែងស្រី អ្នកនាង សារាយ សក្ខណា បានសម្ដែងប្រតិកម្ម​ ក៏ដូចជាសម្ដែងការហួសចិត្ត នៅលើបណ្ដាញសង្គមរបស់ខ្លួន ទៅលើរោងភាពយន្ត ក្នុងប្រទេសកម្ពុជា ខណៈដែលរោងភាពយន្ត បានធ្វើការផ្អាកដាក់បញ្ចាំង​ភាពយន្តខ្មែរ រឿង «បិសាច​គំនូរ» ដែលខាងផលិតកម្ម​ខំផ្សព្វផ្សាយថា នឹងដាក់បញ្ចាំង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តែខាងរោងភាពយន្ត បែរជា​លើកថ្ងៃបញ្ចាំង ដោយយកភាពយន្តថៃ មកចាក់បញ្ចាំងជំនួសវិញ ដែលមូលហេតុនេះ ធ្វើឲ្យអ្នកនាង សារាយ សក្ខណា លើកឡើងថា ហាក់ដូចជាមើលងាយ និងមិនឲ្យតម្លៃភាពយន្ត​ខ្មែរ ដែលជាជាតិសាសន៍របស់ខ្លួន តែបែរជាទៅលើកតម្កើង​ភាពយន្តបរទេសជំនួសវិញ។

ដោយយោងតាមគណនីហ្វេសប៊ុក របស់តារាសម្ដែង​កូនមួយ អ្នកនាង សារាយ សក្កណា បានសម្ដែងការហួសចិត្ត យ៉ាងដូច្នេះថា «​លឺហើយហួសចិត្តម៉ង នេះហៅថាខ្មែរមិនឲ្យតំលៃខ្មែរ ខ្មែរមើលងាយខ្មែរហើយ ខាងផលិតកម្មខំផ្សាយថា នឹងដាក់បញ្ចាំងរឿង (​បិសាច​គំនូរ​) នៅថ្ងៃ ទី១ ខែ១១ នេះហើយ តែបែរជាខាងរោងកុន ឲ្យលើកថ្ងៃបញ្ចាំងទៅវិញ ហើយមូលហេតុខាងរោងកុន គឺត្រូវយកថ្ងៃនឹងបញ្ចាំងរឿងថៃវិញ ចង់សើចណាស់ខ្ញុំ មូលហេតុនេះ ដូចជាមើលងាយភាពយន្ដខ្មែរពេកហើយ ជួយផ្ដល់ហេតុផល ណាឲ្យល្អជាងហ្នឹងបានទេ? ខ្ញុំនិយាយនេះ មិនមែនខ្ញុំស្អប់ខ្ពើម ភាពយន្ដគេទេ តែខ្ញុំនិយាយនេះ ក្នុងនាមខ្ញុំជាតួកុនខ្មែរមួយរូប (ឲ្យតែបែបនេះ តើផលិតករមានកំលាំងចិត្ត️ឯណាទៅផលិតទៀត)»។ ​តែទោះជាយ៉ាងណាក៏មិនបានដឹងដែរ ថាតើខាងផលិតកម្ម និងម្ចាស់រោងភាពយន្តមានកិច្ចសន្យាបែបណានោះទេ៕