(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៣ នៅអង្គរវត្ត ឆ្នាំ២០១៨ គ្រោងនឹងធ្វើឡើង នាថ្ងៃ ទី០២ ខែធ្នូខាងមុខនេះហើយ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានស្នើដល់អង្គការក្រៅ រាជ រដ្ឋាភិបាល និងជនខិលខូចមួយចំនួនដែលបន្លំយកព្រឹត្តិការណ៍នេះ ធ្វើអាជីវកម្ម ក្រោមរូបភាពប្រមូលថវិកាសប្បុរសធម៌ ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីជំរុញព្រឹត្តិការណ៍កីឡា និងទេសចរណ៍មួយនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងរលូនតាមគោលបំណងសំខាន់ៗរបស់ខ្លួន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៣ នៅអង្គរវត្ត នាទីស្នាក់ការ NOCC រសៀលថ្ងៃសុក្រនេះថា កន្លងមកដោយមានជនខិលខូច និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួនបានបន្លំយកព្រឹត្ដិការណ៍នេះ ទៅធ្វើសកម្មភាពផ្សេងៗ ផ្ទុយពីគោលបំណងរបស់គណៈកម្មការរៀបចំ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រឹត្តិការណ៍ទាំងមូល ពិសេសភ្ញៀវទេសចរចូលរួម ដែលត្រូវបានជនអគតិទាំងនោះ បន្លំ និងរ៉ៃអង្គាសថវិកាធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនជាដើម។

លោកថា «កន្លងមកមានក្រុមមួយចំនួន បានយកកម្មវិធីនេះ យកទៅប្រើដោយមិនមានការសុំច្បាប់ពីគណៈកម្មការត្រឹមត្រូវ ទៅធ្វើអាជីវកម្មខុសច្បាប់ ដូចជាអូសទាញទៅចុះឈ្មោះ ហើយយកតម្លៃលើសពីគណៈកម្មការ ក៏ដូចជាការយករូបភាពរ៉ៃអង្គាសថវិកាសប្បុរសធម៌ជាប្រយោជន៍ផ្ទាល់ខ្លួនជាដើម។ ខ្ញុំសូមអំពាវនាវឲ្យឈប់ជាបន្ទាន់ សម្រាប់អង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន យើងមិនអនុញ្ញាតឲ្យមានសកម្មភាព ឬការធ្វើអំពើអនាធិបតេយ្យលើកម្មវិធីរបស់យើងឡើយ ព្រោះកម្មវិធីនេះ មានការទទួលស្គាល់ និងមានគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា»

បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថា «យើងមិនចង់ឲ្យមានសកម្មភាពអនាធិបតេយ្យ ដោយគ្មានការគ្រប់គ្រងនោះទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ព្រឹត្តិការណ៍របស់យើង ព្រោះព្រឹត្តិការណ៍របស់យើងធ្វើដោយតម្លាភាព ដើម្បីប្រយោជន៍ជាតិ និងសង្គម។ ចឹងចំពោះការធ្វើសកម្មភាព ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងល្មើសច្បាប់បែបនេះ យើងមិនអនុញ្ញាតឲ្យកើតមានឡើយ។ ដូច្នេះប្រសិនបើគ្មានការសុំច្បាប់ ឬការសហការ ដើម្បីផលប្រយោជន៍ជាតិ និងសង្គមជារួមទេ គឺយើងមិនអនុញ្ញាត និងឲ្យកើតឡើងសកម្មភាពបែបនេះឡើយ»

គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៦ ខែតុលានេះ អត្តពលិកជាតិ និងអន្ដរជាតិ ដែលបានចុះឈ្មោះត្រៀមចូលរួមរត់ក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ គឺមានប្រមាណជាង ៧,០០០នាក់ហើយ ក្នុងនោះមានអត្តពលិកអន្ដរជាតិជាង ៣,៦០០នាក់ មកពី ៧៤ប្រទេសឯណោះ។ ប៉ុន្ដែទម្រាំដល់ថ្ងៃរត់ផ្លូវការ ក្នុងនាមគណៈកម្មការរៀបចំ លោក វ៉ាត់ ចំរើន រំពឹងថា ព្រឹត្តិការណ៍នេះ នឹងមានអ្នកចុះឈ្មោះចូលរួមប្រហាក់ប្រហែល ឬអាចលើសពីឆ្នាំមុន គ្រាដែលកាលពីឆ្នាំ២០១៧ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានទទួលភ្ញៀវទេសចរចូលរួមសរុបចំនួន ១០,៥០០នាក់ឯណោះ។

ដោយឡែកចំពោះគោលបំណងសំខាន់ៗ ក្នុងការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះវិញ តាមគោលការណ៍របស់ NOCC និងគណៈកម្មការរៀបចំ តាមការណែនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC គឺផ្ដោតលើជាព្រឹត្តិការណ៍សប្បុរសធម៌ដដែលដោយថវិកា ទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងកុមារកំព្រា ក៏ដូចជាជនពិការដោយគ្រាប់មីនជាដើម៕