(ភ្នំពេញ)៖ ជាការពិតសម្រាប់បវរកញ្ញាឯក ដែលបានគ្រងមកុដក្នុងកម្មវិធី «Miss Grand International ​2018» គឺយើងដឹងហើយថា បានទៅលើបេក្ខនារីមកពីប្រទេសប៉ារ៉ាហ្កាយ ខណៈលទ្ធផលគឺ​ត្រូវបានប្រកាសជាផ្លូវការ នារាត្រីថ្ងៃទី ២៥ ខែតុលា នៅប្រទេសមីយ៉ាន់ម៉ា។ ទន្ទឹមគ្នានេះ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ នឹងនឹកស្មានមិនដល់នោះ គឺគ្រាន់តែដឹងលទ្ធិផលថា ខ្លួនទទួលបានតំណែងជា «Miss Grand International» ក្នុងឆ្នាំ ២០១៨ នេះភ្លាម កញ្ញា Clara Sosu ដែលជាបវរកញ្ញា ប៉ារ៉ាហ្កាយ បានដួលសន្លប់ទាំងកម្រោលភ្លែតតែម្តង។

យ៉ាងណាមិញ ចំពោះហេតុការណ៍ដែលធ្វើឲ្យទស្សនិជន ស្ទើរទូទាំងពិភពលោក មានភាពភ្ញាក់ផ្អើលគ្រប់គ្នានេះ មិនមានគ្រោះថ្នាក់ធំដុំអ្វីនោះទេ ខណៈក្រុមការងារបានរត់មកជួយនាងភ្លាមៗ ហើយមួយសន្ទុះក្រោយមក ទើបនាង Clara Sosu អាចក្រោកឈរបានវិញ ដើម្បីទទួលមកុដ និងពានរង្វាន់ «Miss Grand International​ 2018»។

ជាមួយគ្នានេះ មានទស្សនិកជនជាច្រើន បាននាំគ្នាបញ្ចេញមតិយ៉ាងព្រោងព្រាត ថាប្រហែលជា បវរកញ្ញាប៉ារ៉ាហ្គាយ គិតមិនដល់ថាខ្លួននឹងទទួលបានមកុដមួយនេះឡើយ បានធ្វើឱ្យនាងរំភើបដល់ថ្នាក់ដួលសន្លប់ លើឆាកអន្តរជាតិ ដែលមានមនុស្សទស្សនារាប់លាននាក់នេះ។

គួរជម្រាបថា កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក ឬហៅថា «Miss Grand International» គឺជាកម្មវិធីមួយ ដែលបង្កើតឡើងក្នុងគោលបំណង «បញ្ចប់សង្រ្គាម និងអំពើហិង្សា» ដែលមានជាង៩០ប្រទេស នៅលើពិភពលោក ចូលរួមជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។ សម្រាប់ឆ្នាំ២០១៨នេះ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា គឺបញ្ចប់ទាំងស្រុងនារាត្រី ថ្ងៃទី២៥ ខែតុលា តែម្តង។