(ភ្នំពេញ)៖ តារាសម្តែងប្រុសសាច់ដុំធំៗ ទឹកមុខម៉ឺងម៉ាត់ គឺលោក សន ពិសិដ្ឋ បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ការងារសិល្បៈហាក់មានទីផ្សារមមាញឹកខ្លាំង ទាំងការសម្តែងភាពយន្ត ក្តោបក្តាប់បានតំណែងជាតួឯក ពីរបីរឿងជាប់គ្នា និងការថតស្ពតពាណិជ្ជកម្ម សម្តែង MV យ៉ាងហូរហែរផងដែរ។ ទោះជាតារាជំនាន់ ក្រោយទើបប្រឡកក្នុងវិថីសិល្បៈ រយៈពេលទើបតែ២ឆ្នាំក៏ពិតមែន តែប្រជាប្រិយភាពហាក់មានសន្ទុះខ្លាំង បើប្រៀបធៀបនឹងអ្នករួមជំនាន់។ លោក សន ពិសិដ្ឋ បាននិយាយថា បើនិយាយពីរឿងនេះ លោកហាក់មានអារម្មណ៍រំភើបខ្លាំង ព្រោះបើប្រៀបធៀបនឹងតារារួមជំនាន់ លោកមានទីផ្សារសិល្បៈល្បីល្បាញ មានទស្សនិកជនគាំទ្រច្រើនជាងគេ ខណៈលទ្ធផលយ៉ាងប្រសើរនេះ ក៏ដោយសារតែទេពកោសល្យសិល្បៈ របស់លោកផងនោះ។

ថ្លែងប្រាប់​ តាមរយៈទូរស័ព្ទថ្មីៗនេះ លោក សន ពិសិដ្ឋ បានរៀបរាប់យ៉ាងដូច្នេះថា ​ក្រៅពីភាពយន្តដែលលោកកំពុងសម្តែង នាពេលបច្ចុប្បន្នពីរបីរឿងសុទ្ធតែ  គ្រងតំណែងជាតួឯកនោះ កន្លងទៅក៏មានភាពយន្តមិនតិចនោះទេ ដែលលោកចូលរួមសម្តែង មានទស្សនិកជនគាំទ្រច្រើន ខណៈរឿងខ្លះសម្តែងចប់សព្វគ្រប់ និងមិនទាន់ចេញផ្សាយក៏មាន។ ក្នុងនោះលោកបានលើកយករឿង «កូនពស់កេងកង» របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុននេះ គឺលោកបានចូលរួមសម្តែងជាតួអង្គម្នាក់ឈ្មោះ «អារុណ»។

លោក និយាយថា ​បើរំឭកដល់ខ្សែភាពយន្តមួយនេះ លោកមានអារម្មណ៍រំភើបជានិច្ច ខណៈរឿងនេះជាស្នាដៃនិពន្ធរបស់លោក ហ្វៃ សំអាង និងមានការសម្រិតសម្រាំងយ៉ាងខ្លាំង ទាំងតួសម្តែង បច្ចេកទេសថត ជាពិសេសនោះ គឺទេសភាពធម្មជាតិស្អាតជាច្រើនកន្លែង ដែលបង្ហាញពីតំបន់ទេសចរណ៍របស់កម្ពុជា មានព្រៃព្រឹក្សា ជ្រោះភ្នំ ប្រាណប្រាសាទ និងរមណីយដ្ឋានជាច្រើនកន្លែង បើនិយាយឲ្យចំ គឺ​កន្លែងដែលទៅថត មាន​ជាង​១០ខេត្តឯណោះ​។

ទន្ទឹមគ្នានឹងការមានប្រជាប្រិយភាព តារាប្រុសកំពុងត្រូវប៉ាន់ខាងថតស្ពត,  MV និងសម្តែងភាពយន្ត លោក សន ពិសិដ្ឋ បានបង្ហើបប្រាប់ថា ក្រៅពីអាជីពសិល្បៈខាងលើ លោកទើបតែបន្ថែមអាជីពមួយទៀត គឺពិធីករ តែយ៉ាងណាលោកមានទំនុកចិត្តខ្ពស់ សម្រាប់ការសម្តែងជាង ដោយសារតែសម្តែងចូលតួបានល្អ គ្រប់ប្រភេទតួអង្គទាំងអស់។ ​

តារាប្រុសសាច់ដុំធំៗ រូបនេះ បានសង្កត់ធ្ងន់ថា «លោកមិននិយាយអួតខ្លួនឯងនោះទេ តែបើគិតមកក្រោយវិញ គឺមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង ព្រោះបើប្រៀបធៀបនឹងមិត្តរួមជំនាន់ លោកហាក់មានទីផ្សារសិល្បៈ និងមានប្រជាប្រិយភាពច្រើនជាងគេ»

គួរជម្រាបថា លោក សន ពិសិដ្ឋ ទោះការងារសិល្បៈកំពុងមមាញឹកក្តី តែលោកនៅតែឆ្លៀតទៅរៀនសូត្របន្ថែម ក្នុងវគ្គបណ្តុះបណ្តាលឯកទេសនិពន្ធ ដឹកនាំរឿង ភាពយន្ត និងវីដេអូ រហូតដល់បានវិញ្ញាបនត្រមួយកាន់នៅនឹងដៃ ព្រមទាំងចំណេះដឹងបន្ថែម ដើម្បីជាស្ពានមួយ ងាយស្រួលក្នុងការដើរលើវិថីសិល្បៈ។ ជាចុងក្រោយ លោកសង្ឃឹមថា ទស្សនិកជននឹងបន្តគាំទ្រលោកតទៅទៀត ហើយលោកនឹងខិតខំធ្វើការងារសិល្បៈឲ្យល្អទៀត ដើម្បីកំដរអារម្មណ៍ទស្សនិកជន៕