(ភ្នំពេញ)៖ តារាច្រៀងស្រីវ័យក្មេង ដែលត្រូវបានគេដឹងថា ជាអតីតបេក្ខនារីក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី៣ គឺកញ្ញា គង់ កែវមរកត នោះ នាងនឹងចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី  «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នាង​នឹងចែករំឡែកបទពិសោធន៍ផ្ទាល់ខ្លួន ការតស៊ូពុះពារក្នុងវិថីសិល្បៈ ក្នុងនាមជាមនុស្សស្រីម្នាក់ ព្រមទាំងរឿងរ៉ាវ​អាថ៌កំបាំងផ្ទាល់ខ្លួន និងការយល់ច្រឡំរបស់មហាជនថានាង និងលោក វង្ស ថាណាន់ មានទំនាក់ទំនងពិសេសជាមួយគ្នា ដល់ទស្សនិកជនឲ្យបានជ្រាប់ កាន់តែច្បាស់។

ដូច្នេះ​សូមទស្សនិកជន រង់ចាំតាមដានទាំងអស់គ្នា ថាតារាកិត្តិយសរបស់យើង បកស្រាយរឿងរ៉ាវ អាថ៌កំបាំងក្រៅឆាកអ្វីខ្លះ ដែលមហាជនមិនទាន់បានដឹង។ ជាការពិត កញ្ញា គង់ កែវមរកត បច្ចុប្បន្នគឺជាតារាចម្រៀងមួយដួង ​ទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជន។ បើទោះបីជាមិនបានទទួលជយលាភី ក្នុងកម្មវិធីប្រឡងចម្រៀង «Cambodian Idol» រដូវកាលទី៣ ក្តី ប៉ុន្តែទីផ្សារសិល្បៈក៏ដូចជាការចេញទៅច្រៀងតាមខេត្ត និងតាមបណ្តាស្ថានីយទូរទស្សន៍ ហាក់មានជាប់ជាហូរហែ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការពុះពារក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន រឿងរ៉ាវស្នេហា ដែលទស្សនិកជនមិនទាន់បានជ្រាប ​នាងនឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនដឹងកាន់តែច្បាស់ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕