(ភ្នំពេញ)៖ តារាចម្រៀងប្រុស និយមលេងស្ទីលដូចតារាកូរ៉េ លោក នីកូ ត្រូវបានគេសម្គាល់ឃើញថា លោកទទួលបានការគាំទ្រជាបន្តបន្ទាប់ ពីសំណាក់ទស្សនិកជន តាមរយៈសំឡេងដ៏មានទឹកដម ពោរពេញទៅដោយមនោសញ្ចេតនា។ យ៉ាងណាមិញ លោក នីកូ តែងតែក្ដោបបានពាណិជ្ជកម្មធំៗនៅក្នុងដៃ ខណៈថ្មីៗនេះ លោកបានចុះហត្ថលេខាក្លាយជា Brand Ambassador (អ្នកតំណាង) ឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដ៏ល្បីមួយនៅប្រទេសចិន មានឈ្មោះថា «ZTO Express»។
តារាចម្រៀងស្ថិតក្នុងដួងយុវវ័យ លោក នីកូ បានឲ្យដឹងថា លោកបានក្លាយជាអ្នកតំណាងឲ្យក្រុមហ៊ុន «ZTO Express» ដែលមានសេវាកម្មផ្ញើ ទំនិញពីប្រទេសចិន ទៅកាន់ប្រទេសនានា និងជាក្រុមហ៊ុនដ៏ល្បីមួយនៅចិន។ នីកូ បានសម្ដែងអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងមែនទែន ដែលបានក្លាយ ជាអ្នកតំណាងឲ្យក្រុមហ៊ុនខាងលើ។
ជាក់ស្ដែង ម្ចាស់បទ «ថ្ងៃបែកគ្នា» រូបនេះ លើកឡើងនៅក្នុងគណនីអ៊ីនស្តាក្រាម របស់ខ្លួនថា «ខ្ញុំរីករាយដែលបានក្លាយជា Brand Ambassador របស់ក្រុមហ៊ុនដ៏ល្បី នៅប្រទេសចិន ZTO express»។ ជាមួយគ្នានេះ គេកត់សម្គាល់ឃើញ មានបណ្ដាអ្នកគាំទ្រ របស់តារាប្រុស នីកូ ជាច្រើន បានចូលរួមអបអរសាទរ ដល់រូបលោកផងដែរ។
គួរបញ្ជាក់ថា លោក នីកូ ជាតារាចម្រៀងប្រុសមួយដួង ដែលតែងតែក្ដោបក្ដាប់បានការស្រឡាញ់ចូលចិត្តយ៉ាងច្រើន ពីសំណាក់មិត្តៗយុវវ័យ គ្រប់ស្រទាប់ តាមរយៈទឹកដមសំឡេងរបស់ខ្លួន ជាពិសេសតាមរយៈរូបរាងដ៏ស្រស់សង្ហារបស់លោក បានចងចិត្តនារីៗជាច្រើន ឲ្យលង់ស្នេហ៍លោកដកចិត្តស្ទើរមិនរួចថែមទៀតផង៕