(ភ្នំពេញ)៖ លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកឡើងថា អវត្តមាន កែវ សុខផេង ពីក្រុមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ២លើកចុងក្រោយ ដោយសាររូបគេមិនបានហ្វឹកហាត់បានពេញលេញ ១០០ភាគរយ។

អ្វីដែលសំខាន់ផងនោះ សម្រាប់កីឡាករ កែវ សុខផេង បានបង្ហាញវត្តមានក្នុងសន្និសីទ មុនជំនួបជាមួយទីម័រខាងកើត កាលសប្ដាហ៍មុន តែផ្ទុយទៅវិញបែរជាមិនមានមុខក្នុងការប្រកួតជាក់ស្ដែង។ នៅថ្ងៃមិត្តភាពជាមួយសិង្ហបុរី កាលថ្ងៃអង្គារ ទី១៦ ខែតុលា ខ្សែប្រយុទ្ធមកពីក្លឹបវិសាខារូបនេះក៏អវត្តមានម្ដងទៀត។

គ្រូបង្វឹកជនជាតិអាហ្សង់ទីន Dalmas បានអះអាងថា កូនក្រុមដែលមានឱកាសចូលលេងបាន លុះត្រាតែបានបង្ហាញក្នុងការហ្វឹកហាត់ពេញលេញ និងអស់ពីសមត្ថភាព អ៊ីចឹងយើងមិនអាចដាក់គាត់លេងបានទេ។ ដូច្នេះយើងផ្ដល់ឱកាសដល់កីឡាករណាដែលធ្វើបានល្អ ១០០ភាគរយ នៅក្នុងការហ្វឹកហាត់។

គួរដឹងដែរថា កាលប៉ះទីម័រ សុខផេង មិនត្រូវបានគ្រូបង្វឹកដាក់ចូលលេងទេ ហើយគ្រូបង្វឹកខាងលើ ក៏បាននិយាយថា ខ្សែប្រយុទ្ធរូបនេះចង់ឱ្យកីឡាករក្មេងៗបញ្ចេញសមត្ថភាពវិញ។ ដូច្នេះចាំមើលការប្រកួតផ្លូវការវិញ ថាតើខ្សែប្រយុទ្ធឆ្នើមកម្ពុជាអាចនឹងចូលលេងបានឬទេ។ ក្រោយចប់មិត្តភាពនេះទៅ ជម្រើសជាតិនឹងសម្រាកប៉ុន្មានថ្ងៃ មុនពេលកោះហៅចូលហ្វឹកហាត់វិញជាថ្មី ដើម្បីត្រៀមលេងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ នាដើមខែវិច្ឆិកាខាងមុខ។

សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Keisuke Honda បានបញ្ចប់យុទ្ធនាការមិត្តភាពអន្តរជាតិទាំង៣លើក ដោយចាញ់២ដង និងស្មើ១ដង មិនទាន់រកបានជ័យជម្នះនៅឡើយទេ៕