(ភ្នំពេញ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបតតាំងជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៦ ខែតុលានេះ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីពង្រឹងសមត្ថភាពក្រុមសម្រាប់ត្រៀមក្នុងដំណើរឆ្ពោះទៅរកការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាខែវិច្ឆិកាខាងមុខ។

នេះមិនមែនជាលើកទី១ ឡើយ ដែលក្រុមទាំងពីរបានជួបគ្នា។ ប៉ុន្ដែកម្ពុជា ធ្លាប់បានសាងប្រវត្តិសាស្ដ្រឈ្នះសិង្ហបុរីលើកដំបូង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីឆ្នាំ២០១៦ ដោយបានយកឈ្នះក្នុងដី ២-១ ក្នុងរជ្ជកាលគ្រូបង្វឹកកូរ៉េលោក Lee Tae Hoon ដឹកនាំ។ ដូច្នេះចាំមើល ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda និងគ្រូបង្វឹកលោក Felix តើល្ងាចនេះ ក្រុមគោព្រៃកម្ពុជា អាចបង្កើតកំណត់ត្រាឈ្នះសិង្ហបុរីម្ដងទៀត ឬយ៉ាងណា?

បើក្រឡេកទៅមើលលទ្ធផល ២ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ មុនជួបគ្នាល្ងាចនេះវិញ សម្រាប់ក្រុមសិង្ហបុរី គឺបានទទួលជ័យជម្នះទាំង ២ប្រកួត ពោលគឺបានយកឈ្នះក្រុមជម្រើសជាតិម៉ុងហ្គោលី ដោយលទ្ធផល ២-០ និងយកឈ្នះក្រុមជម្រើសជាតិ Fiji ដោយលទ្ធផល ២-០ ដូចគ្នា។ ផ្ទុយពីក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ និងគ្រូបង្វឹកថ្មី គឺបានបញ្ចប់ដោយលទ្ធផលស្មើ ១ និងចាញ់ ១ ក្នុងនោះចាញ់ម៉ាឡេស៊ី ៣-១ និងស្មើទីម័រខាងកើត ២-២។

គួរដឹងថា នេះគឺជាជំនួបមិត្តភាពអន្ដរជាតិផ្លូវការលើកទី៣ របស់ក្រុមគោព្រៃកម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសរៀបចំ ដើម្បីត្រៀមពានរង្វាន់ AFF Suzuki Cup 2018 ដោយកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ រីឯក្រុមសិង្ហបុរី ក៏ត្រៀមចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះដែរ ដោយស្ថិតក្នុងពូលB ជាមួយថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត។ ចំពោះតម្លៃសំបុត្រចូលរួមទស្សនាការប្រកួតល្ងាចនេះ គឺរក្សាតម្លៃនៅដដែល គឺមានតម្លៃ ១ម៉ឺនរៀល និងតម្លៃ ៥ពាន់រៀល៕