(ប៊ែឡាំង)៖ កីឡាករខ្សែការពារកណ្ដាល Jerome Boateng ដែលលេងឲ្យក្លឹប Bayern Munich មិនអាចចូលរួមប្រកួតក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ ពេលប៉ះជាមួយក្រុមបារាំង ក្នុងព្រឹត្តិការណ៍ UEFA Nationals League នាថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ នៅទឹកដីបារាំង ដោយសារមូលហេតុរបួសកំភួនជើង។

អាល្លឺម៉ង់ បានសរសេរនៅលើគណនីបណ្ដាញសង្គម Twitter របស់ខ្លួនថា «Boateng បានចាកចេញពីសណ្ឋាគារស្ថិតក្នុងទីក្រុងអាំស្ទើដាំ ក្រោយពេលអាល្លឺម៉ង់ចាញ់ម្ចាស់ផ្ទះហូឡង់ ០-៣ ផងដែរ ដោយសារបញ្ហារបួសកំភួនជើង»

គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low បានឲ្យដឹងថា ក្រុមទាំងមូលកំពុងជួបបញ្ហាធំៗជាច្រើន ដោយសារកីឡាករសំខាន់ៗ ៥រូបបានដកខ្លួនចេញពីបញ្ជីឈ្មោះនៃជម្រើសជាតិអាល្លឺម៉ង់ ខណៈកំពុងរងការរិះគន់យ៉ាងចាស់ដៃផងដែរ ចំពោះបរាជ័យដោយសារចាញ់ហូឡង់ដល់ទៅ ០-៣ បន្ទាប់ពីជ្រុះចេញពី World Cup 2018 នៅរុស្ស៊ីដ៏លឿនបំផុតទៀតនោះ៕