(មេនឆេស្ទើ)៖ អ្នកនាំពាក្យរបស់ក្លឹបមេឃខៀវ Manchester City នៃចក្រភពអង់គ្លេស បាននិយាយថា ក្លឹបមិនបានសន្យាដំឡើងថ្លៃពលកម្មមួយទ្វេជាបី ឲ្យកីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ប្រសិនបើគេសម្រេចចិត្តមកចូលរួមជាមួយពួកយើងមែននោះ។

លោក Khaldoon Al Mubarak ប្រធានក្លឹប Man City បានប្រាប់អ្នកយកព័ត៌មានកាលពីចុងសប្ដាហ៍នេះថា តារាបាល់ទាត់របស់ក្លឹបអ្នកមានបុណ្យ FC Barcelona បានបដិសេធលើសំណើទិញរបស់ក្លឹបនៅ Premier League មួយនេះ កាលឆ្នាំ២០១៦ ប៉ុន្តែកីឡាកររូបនេះ បានជ្រើសរើសការលេងបន្តនៅ Barcelona របស់ប្រទេសអេស្ប៉ាញដដែល។

បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន FourFourTwo លោក Al Mubarak បានឲ្យដឹងថា «យើងបានស្នើសុំឲ្យលោក Pep Guardiola ជជែកគ្នាជាមួយ Messi បន្តទៀត ចំពោះបញ្ហានេះ ដ្បិតរូបលោកធ្លាប់បង្វឹក Messi ផងដែរកាលពីនៅដឹកនាំ Barcelona»

ជាមួយគ្នានោះដែរ Man City ក៏បានចេញមុខមកបដិសេធសេចក្ដីរាយការណ៍មួយនេះ ដោយអ្នកនាំពាក្យរបស់ក្លឹបត្រូវបានដកស្រង់សំដីថា «យើងសូមបដិសេធចំពោះភាពមិនត្រឹមត្រូវរបស់ការដកស្រង់សំដីទាំងនេះ ខណៈបច្ចុប្បន្ន Messi មានទម្រង់លេងល្អជាថ្មីម្ដងទៀតនៅរដូវកាលនេះ ដោយរកបានគ្រាប់បាល់ ១១គ្រាប់ក្នុង ១១ប្រកួត ឲ្យក្លឹបយក្សនៃតំបន់ Catalan»