(ភ្នំពេញ)៖ គិតមកដល់ពេលនេះ បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia) គឺកញ្ញា ឌី លីកា (Dy Lika) ដែលចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International នោះ កំពុងទទួលបានការបោះឆ្នោតគាំទ្រតាមរយៈការ Like និង Share ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនឡើងៗហើយ ពោលគឺកំពុងទទួលបានពិន្ទុច្រើនជាង ៦លានពិន្ទុ ខណៈបេក្ខនារីវៀតណាមកំពុងឡើងដល់ប្រមាណ ៥លានពិន្ទុ រីឯបេក្ខនារីឥណ្ឌូនេស៊ីក៏កំពុងឡើងដល់ជាង ២លានពិន្ទុផងដែរ។

គួរបញ្ជាក់ថា កម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិដ៏ធំមួយ ឬហៅថា Miss Grand International បានតម្រូវឱ្យមានការវាយតម្លៃ និងដាក់ពិន្ទុជូនបេក្ខនារីបវរកញ្ញាទាំង២០នាក់ (២០ប្រទេស/តំបន់ស្វយ័តពិសេស) តាមរយៈការ Like និង Share ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ។

ការបោះឆ្នោតគាំទ្រតាមរយៈ Like និង Share ដូចបានកំណត់នេះ នឹងត្រូវបិទបញ្ចប់ត្រឹមវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះតែម្ដង។ ដូច្នេះសូមជនរួមជាតិខ្មែរទាំងអស់គ្នា ពិសេសអ្នកប្រើប្រាស់ Facebook សូមរួសរាន់ឡើងចូលរួម Like និង Share ឱ្យបានច្រើនៗបន្ថែមទៀត ដើម្បីគាំទ្រឱ្យតំណាងជាតិខ្មែរយើងមានឱកាសឡើងទៅវគ្គបន្ត ដែលជាស្មារតីចូលរួមលើកស្ទួយកិត្យានុភាព កិត្តិយស កេរ្តិ៍ឈ្មោះជាតិដែលធ្លាប់រុងរឿងពីមុននោះ ឱ្យល្បីល្បាញលើឆាកអន្តរជាតិឡើងវិញ ព្រោះឱកាសចូលរួមគាំទ្រតំណាងជាតិកម្ពុជាយើងនាពេលនេះ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។

ការប្រកាសជ័យលាភី Miss Grand International នេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ មួយវិញទៀត គណៈកម្មការវាយតម្លៃ ក៏នឹងវាយតម្លៃជ្រើសរើសបេក្ខនារី ៥ប្រទេស (Top5) ក្នុងចំណោម១០ប្រទេស ដែលមានសម្លៀកបំពាក់ប្រពៃណីល្អដាច់គេផងដែរ។

ក្នុងនាមតំណាងប្រទេសកម្ពុជាទាំងមូល កញ្ញា ឌី លីកា ពិតជាត្រូវការការបោះឆ្នោតគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាចាំបាច់ណាស់ ដើម្បីមានឱកាសឈានទៅប្រកួតនៅវគ្គបន្ត។

សូមជម្រាបថា ក្នុងរូបភាពដែលតាំងបង្ហាញសម្រាប់ការបោះឆ្នោតនៅលើទំព័រ Facebook «Miss Grand International» កញ្ញា ឌី លីកា ឈរតាំងជំហរយ៉ាងម៉ឺងម៉ាត់ រំលេចក្បូរក្បាច់យ៉ាងរស់រវើក នាងស្លៀកសំពត់ហូលពណ៌ក្រហមភ្លឺដូចមាស ដៃខាងស្ដាំកាន់កង្វេដំរី (ឈើដង្កាវសម្រាប់បញ្ជាដំរី) បង្ហាញឫទ្ធីចេស្ដានៃម្ចាស់គជសារភូមិ ដៃខាងឆ្វេងបង្ហាញក្បាច់ត្របកផ្កាយ៉ាងទន់ភ្លន់ល្អប្រពៃ ជើងខាងស្ដាំបោះឈៀងទៅមុខបន្តិច បួងសក់ឡើងលើដូចទេពីនាបុរាណសម័យ រាងកាយលម្អដោយគ្រឿងអលង្ការបុរាណខ្មែរយ៉ាងល្អវិចិត្រ ខ្សែចក្ខុបាញ់ត្រង់ទៅមុខ សោតិនលមុ្អដោយក្រវិលរយ៉ាផ្កាមាស រលេចស្នាមញញឹមប្រិមប្រិយរបស់អ្នកស្រុកសុវណ្ណភូមិគួរជាទីគយគន់។

បេក្ខនារី Miss Grand កម្ពុជា បានឆ្លងផុតវគ្គ២០ប្រទេស (Top20) ដែលមានឈុតសម្លៀកបំពាក់ប្រពៃណីជាតិល្អបំផុតរួចហើយ ប៉ុន្តែកញ្ញាត្រូវការការ Like និង Share ពីសំណាក់ប្រជាពលរដ្ឋឱ្យបានច្រើនៗបន្តទៀត ដើម្បីឡើងទៅវគ្គបន្ត។

ខាងក្រោមនេះ ជារបៀបបោះឆ្នោតជូនបក្ខនារីកម្ពុជា៖

ទី១៖ ចូលទៅកាន់លីង៖ https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.1992263637463289/1992265774129742/?type=3&source=54 ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។

ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។

ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានជាការស្រេច៕