(ភ្នំពេញ)៖  កញ្ញា អៀ ម៉េងលិ បានសារភាពយ៉ាងច្បាស់ៗ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថា នាងពិតជាមានគូស្នេហ៍មែន ដែលកំពុងបន្តការសិក្សា ផ្នែក​នយោបាយ និងសេដ្ឋកិច្ចនៅប្រទេសអង់គ្លេស ខណៈទំនាក់ទំនងស្នេហានាង ស្ថិតនៅក្នុងដំណាក់ការយល់ចិត្តថ្លើមគ្នា។ ម៉េងលិ បានប្រាប់ដល់ទស្សនិកជនថា ​តាំងពីផ្តើមទំនាក់ទំនងគ្នាជាគូស្នេហ៍មក នាងមិនធ្លាប់កើតរឿងឈ្លោះគ្នា ដោយសារអ្នកទី៣ទេ ព្រោះសូម្បីតែស្រមោលក៏គ្មានផង ទោះបីជានាង ជាតារាមានរូបសម្រស់ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ដល់បុរសៗ សម្បូរព្រទ្យយ៉ាងណាក្តី។

ថ្លែងប្រាប់ពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ស្រីស្រស់ អៀ ម៉េងលិ បានរៀបរាប់ទាំងទឹកមុខញញឹម បង្ហាញនូវជីវិតផ្ទាល់ខ្លួន ព្រមទាំងអាថ៌កំបាំងជាច្រើន ទាំងការប្រកបអាជីវកម្ម និងរឿងស្នេហាឲ្យមហាជនបានដឹង។ ពាក់ព័ន្ធនឹងការប្រកបមុខរបរកញ្ញា កំពុងកាន់កាប់ជំនួញ៣ក្នុងដៃ ក្នុងពេលតែមួយ។ ម៉េងលិ បាននិយាយថា «ដោយសារតែការងាររកស៊ីរវល់ខ្លាំង ទើបធ្វើឲ្យនាងមិនសូវលេចវត្តមានក្នុងការងារសិល្បៈ។ នាងថា មុខរបរសព្វថ្ងៃ គឺ​បើកហាងលក់ស្រាគ្រប់ប្រភេទ មានទាំងលក់បោះដុំ និងលក់រាយ ខណៈស្រាទាំងនេះ គឺជាការនាំចូលពីបរទេសផ្ទាល់តែម្តង។ ការជោគជ័យផ្នែកជំនួញនេះ​ តារាស្រីវ័យ ២០ឆ្នាំ អៀ ម៉េងលិ បានប្រាប់ថា មិនមែនដោយសារតែនាងម្នាក់ទេ ដែលអាចរកស៊ីបានយ៉ាងរលូនបែបនេះ គឺមានការជួយជ្រោមជ្រែងពីពូរបស់នាង ដែលជាប្រធានក្រុមហ៊ុនមួយ និងមានជំនាញផ្នែកនាំចូលផលិតផល ពីក្រៅប្រទេស​»

ទាក់ទងផ្នែកជំនួញ ពីរផ្សេងទៀត ដែលអៀ ម៉េងលិ បានបង្ហាញដល់ទស្សនិកជន គឺជាការលក់គ្រឿងក្រអូប និងលក់អង្ក ដោយក្នុងនោះ នាងនិយាយថា «ក្រៅពីលក់ស្រា នាងមានលក់គ្រឿងក្រអូប តែជាលក្ខណៈតូចតាចមិនធំដុំនោះទេ អ្វីដែលពិសេស ឈ្មោះគ្រឿងក្រអូបរបស់នាង គឺមានឈ្មោះថា SL ខណៈឈ្មោះនេះជាការបូកឈ្មោះគូស្នេហ៍នាង និងនាងបញ្ចូលគ្នា។ S ជាឈ្មោះរបស់គូស្នេហ៍នៃ គឺសាកល និង L ជាឈ្មោះរបស់នាង គឺលិ។ ងាកមករកជំនួញមួយផ្សេងទៀត គឺលក់អង្ក ដែលមានការលក់ចេញទៅក្រៅប្រទេស តែជំនួញមួយនេះ នាងថា គឺជារបស់ម្តាយរបស់នាង»

 ដោយឡែកងាកមករករឿងស្នេហា ដែលផ្តើមទំនាក់ទំនងគ្នា ជាងមួយ១ឆ្នាំនេះវិញ ក៏ផ្អែមល្ហែម និងយល់ចិត្តថ្លើមគ្នា បានច្រើនណាស់ដែរ។ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» នាងបាននិយាយថា «គូស្នេហ៍របស់នាង ដែលមានឈ្មោះថា សាកល បច្ចប្បុន្នកំពុងបន្តការសិក្សាផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅប្រទេសអង់គ្លេស ខណៈបច្ចុប្បន្ននាងកំពុងរៀន យល់ចិត្តថ្លើមគ្នា តែមិនទាន់មានគម្រោងរៀបការឆាប់ៗនេះទេ។ មូលហេតុនាងបានប្រាប់ថា ដោយសារតែគូស្នេហ៍នាងជាប់បន្តការសិក្សា ចំណែកនាងនៅរកស៊ី ម៉្យាងនាងនិងគូស្នេហ៍នៅក្មេងៗ»

តើគូស្នេហ៍នឹងប្រច័ណ្ឌ និងចង់ឲ្យឈប់ពីសិល្បៈទេ ព្រោះបច្ចុប្បន្ននៅឆ្ងាយពីគ្នាផង? អៀ ម៉េងលិ បញ្ជាក់ច្បាស់ៗថា «ប្រច័ណ្ឌមនុស្សស្រឡាញ់គ្នា ចេះតែមានហើយ» តែគូស្នេហ៍នាងយល់ថា នេះគ្រាន់តែជាការសម្តែង តែយ៉ាងណាគូស្នេហ៍នេះ នៅតែចង់ឲ្យនាងឈប់សម្តែង ខណៈសំណូមពរនេះ និងមិនរុញរា​ក្នុងការធ្វើទេ ព្រោះនាងប្រកាន់ថា ស្រឡាញ់គ្នាត្រូវស្របតាមគ្នាទៅវិញទៅមក។ ពាក់ព័ន្ធនឹងរឿងអ្នកទី៣ ជ្រៀតជ្រែកស្នេហ៍ នាងបានបន្ថែមថា ក្នុងរយៈពេល១ឆ្នាំ ដែលទាក់ទងគ្នាជាមួយគូស្នេហ៍ នាងមិនធ្លាប់ឈ្លោះគ្នារឿងអ្នកទី៣ទេ កុំថាឡើយមាន សូម្បីតែស្រមោលក៏អត់ដែរ៕