(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅនៃក្លឹប Wolverhampton Wanderers លោក Nuno Espirito Santo ត្រូវបានបោះឆ្នោតជាប់ឈ្មោះជាអ្នកចាត់ការឆ្នើមប្រចាំខែកញ្ញា ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នៃរដូវកាលថ្មីឆ្នាំ២០១៨-២០១៩។

លោក Nuno បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយទទួលរង្វាន់ថា រង្វាន់មួយនេះបានមកដោយសារការនឿយហត់​របស់អ្នកគ្រប់គ្នានៅក្នុងក្លឹបទាំងមូល ពុំមែនជារបស់ខ្ញុំតែម្នាក់ឡើយ។

ការប្រកួតក្នុងខែកញ្ញា លោក Nuno បានដឹកនាំក្រុមដែលទើបឡើងមកលេងនៅ Premier League រដូវកាលនេះលេងមិនចាញ់ សូម្បីតែម្តងដោយបានយកឈ្នះក្រុម West Ham United, Burnley និង Southampton  ថែមទាំងបានការពារ​មិនឲ្យគូប្រជែងស៊ុតចូលទីទៀតផង ក្នុងនោះក៏បានលេងស្មើទល់នឹងក្រុមខ្លាំង Manchester United ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Old Trafford ដ៏គួរឲ្យភ្ញាក់ផ្អើល។

សូមបញ្ជាក់ផងដែរថា Wolver ទើបតែបានឡើងមកលេងនៅលីគកំពូលរបស់អង់គ្លេសនៅរដូវកាលនេះ ខណៈបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៧ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន ដោយទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះ៕