(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារកណ្តាល Eric Bailly របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចាកចេញពីទឹកដី Old Trafford នៅចុងរដូវកាលនេះ ប្រសិនបើទម្រង់លេងរបស់គេមិនរីកចម្រើនទេនោះ។

កីឡាករខ្សែការពារកណ្តាលបានចូលលេងក្នុងជម្រើស ១១នាក់ដំបូងបានត្រឹមតែ ១៥ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន និងលេង៣ប្រកួតក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho។

យោងតាមប្រភពព័ត៌មាន ESPN បានឲ្យដឹងថា កីឡាករសញ្ជាតិកូដឌីវ័រខាងលើ បច្ចុប្បន្នវ័យ ២៤ឆ្នាំ  គេអាចនឹងផ្ទេរទៅក្លឹបផ្សេងទៀត ខណៈ Man Utd នៅស្ទាក់ស្ទើរក្នុងការលក់កីឡាកររូបនេះ ហើយក៏មិនចង់ឲ្យកីឡាកររូបនេះផ្ទេរទៅ ក្លឹបគូប្រជែងក្នុងក្របខណ្ឌ Premier League មានដូចជាក្លឹប Arsenal ឬ Tottenham Hotspur ជាដើម។

Mourinho ធ្លាប់បានបញ្ជាក់ច្បាស់ថា គាត់ចង់ទិញខ្សែការពារថ្មីមុនរដូវកាលឆ្នាំ២០១៨-២០១៩ ចាប់ផ្ដើម ប៉ុន្តែធ្វើមិនបានសម្រេច ដូចជាខ្សែការពារ Harry Maguire របស់ក្លឹប Leicester City កីឡាករ Toby Alderweireld របស់ក្លឹប Spurs និងកីឡាករ Jerome Boateng របស់ក្លឹប Bayern Munich។

បច្ចុប្បន្ន Man Utd មានកីឡាករខ្សែកាពារ Chris Smalling, Victor Lindelof, Phil Jones, Marcos Rojo និង Eric Bailly លើសពីនេះទៀត កីឡាករខ្សែបម្រើ Ander Herrera និង Scott McTominay ក៏ត្រូវបានប្រើលេងក្នុងតួនាទី​ខ្សែការពារម្ដងម្កាលដែរនៅក្នុងរដូវកាលនេះ៕