(តាកែវ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងវត្តពុទ្ធគិរីវង្ស ​ស្ថិតនៅខេត្តតាកែវ ដែលបានកសាងព្រះពុទ្ធបដិមាជាច្រើនម៉ឺនអង្គ​លើភ្នំ ជាពិសេសនោះគឺកំពុងទទួលបានការចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅទស្សនា និងគោរពបូជាយ៉ាងច្រើន ស្រាប់តែពេលនេះ បានប្រែក្លាយទៅជា ទីកន្លែង​ពោរពេញទៅដោយ សំរាមកកកុញ នៅកន្លែងទីសក្ការៈបូជា និងកំពុងតែទទួលរងនូវការរិះគន់ ពីសំណាក់មហាជន យ៉ាងច្រើនផងដែរ។ យ៉ាងណាមិញ ខណៈបានឃើញ នូវការបំពុលបរិស្ថាន ដោយការចោលសំរាមគ្មានសណ្ដាប់ធ្លាប់បែបនេះ ធ្វើឲ្យតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការរិះគន់ និងព្រលះចំៗ ដល់​ប្រជាជនខ្មែរមួយចំនួន ដែលបានបោះចោលសំរាមផ្ដេសផ្ដាសគ្មានរបៀបទាំងអស់នេះ។

ដោយយោងតាមគណនី​ហ្វេសប៊ុក របស់តារាពហុជំនាញ អ្នកនាង ខាត់ សុខឃីម បានសរសេរសារ យ៉ាងដូច្នេះថា «ទៅណាមកណា បរទេសគេចំណាំខ្មែរត្រង់ថា ពេលអង្គុយហើយក្រោកឈរ បោសគូថខោ ហ្នឹងខ្មែរហើយ តែឥឡូវគេអាចចំណាំមួយទៀតបាន គឺ​ទៅដើរនៅទីណាចោល​សំរាម តែផ្តេសតែផ្តាស គ្មានរបៀបរៀបរយចឹង ដូចមានក្នុងរូប។ ទូរទស្សន៍ក៏ចាក់ផ្សាយ​ពីបញ្ហារឿងចោលសម្រាមនេះ ដូចបានសំណូម ហើយ Facebook ចុះយ៉ាងច្រើនហូរហែ​ ពីទិដ្ឋភាពមិនគួរកើតមាននេះ តែខ្មែរមួយចំនួនដែលបានចោលសំរាមនេះ មិនព្រមយកភ្នែកមើលទេ ហើយគេនិយាយប្រាប់ស្រួល មិនស្រួលខឹងគេទៀត ។ ហ៊ឺម….!»

ការរិះគន់បែបនេះ ពីតារាស្រី​ពហុជំនាញល្បីឈ្មោះអ្នកនាង ខាត់ សុខឃីម ​គឺក្រោយពេលដែលនាងបានឃើញ នូវទិដ្ឋដ៏គ្មានសណ្ដាប់ធ្នាប់ គ្មានរបៀបរៀបរយ ពីសំណាក់ ប្រជាជនខ្មែរមួយចំនួនតូច ដែលបានធ្វើឲ្យកន្លែងកំសាន្ត និងជាទីសក្ដារៈបូជា ​កំពុងទាក់ទាញ​ភ្ញៀវទេសចរឲ្យចូលទៅទស្សនា ក៏ដូចជាដើរកំសាន្តពោរពេញទៅដោយសំរាមកកកុញ ព្រោះតែការមិនយកចិត្តទុកដាក់ ក្នុងការសម្អាត អនាម័យ-បរិស្ថាន និងនាំឲ្យភ្នែកអ្នកទេសចរឯទៀត មើលមកមិនសមរម្យទាល់តែសោះ៕