(ហ្សាកាតា)៖ សហព័ន្ធបាល់ទាត់វៀតណាម (VFF) ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ដែលហៅកាត់ថា AFC បានពិន័យជាទឹកប្រាក់ប្រមាណ ១២,៥០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីមានករណីអ្នកគាំទ្រដុតកាំជ្រួចរំខានដល់ការប្រកួតក្នុងព្រឹត្តិការណ៍ Asian Games 2018 នៅឥណ្ឌូណេស៊ី នាពេលកន្លងមក។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលក្រុមជម្រើសជាតិវៀតណាម ប្រកួតចាញ់ក្រុមជម្រើសកូរ៉េខាងត្បូង ១-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Asian Games កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នាកីឡដ្ឋាន Pakansari ប្រទេសឥណ្ឌូណេស៊ី។

AFC ក៏បញ្ជាក់ថា ក្រុមអ្នកគាំទ្រវៀតណាមបានបំពានវិន័យក្រមសីលធម៌របស់ខ្លួន និងបរាជ័យក្នុងការធានានូវសុវត្ថិភាព និងសន្តិសុខ ក្នុងអំឡុងការប្រកួត Asian Games ដោយ AFC បានព្រមានពិន័យធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនបើអ្នកគាំទ្រវៀតណាមនៅតែបន្តដុតភ្លើង ក្នុងអំឡុងមានការប្រកួតជាលក្ខណៈអន្តរជាតិបែបនេះទៀត។

កាលពីឆ្នាំ២០១៧ វៀតណាមក៏ត្រូវបាន AFC ពិន័យ ១១,០០០ដុល្លារម្តងមកហើយ ក្រោយមានករណីអ្នកគាំទ្ររបស់ខ្លួនបានដុតកាំជ្រួចចំនួន២លើក ដែលមានរយៈពេលប្រហែល ៤នាទី ក្នុងអំឡុងការប្រកួតរវាងវៀតណាមប៉ះកម្ពុជា វគ្គជម្រុះ AFC Asian Cup 2019 នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពហុកីឡដ្ឋានជាតិ។

តួយ៉ាងកាលឆ្នាំ២០១៦ សហព័ន្ធបាល់ទាត់វៀតណាមក៏ត្រូវបានពិន័យជាទឹកប្រាក់ប្រមាណ ៣៨,០០០ដុល្លារផងដែរ បន្ទាប់ពីអ្នកគាំទ្រក្នុងស្រុកបានគប់ដុំថ្មទៅលើរថយន្តក្រុង ដឹកកីឡាករបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ទៅកាន់សណ្ឋាគារនៅទីក្រុងហាណូយ ដែលកាលនោះវៀតណាមត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF Suzuki Cup៕