(ភ្នំពេញ)៖ លោកទ្រី តារាវុធ ត្រូវបានគេដឹងថា កំពុងមានទីផ្សារសិល្បៈខ្លាំងនា ពេលបច្ចុប្បន្ន ខណៈភាពយន្តភាគច្រើន ដែលលោកសម្តែង គឺបានគ្រងតំណែងជាតួឯក​ជាបន្តបន្ទាប់។ លើសពីនេះ ដោយសារតែសមត្ថភាពផ្នែកសិល្បៈ រួមផ្សំទាំងរូបសម្បតិ្តពីធម្មជាតិផងនោះ បានធ្វើឲ្យតារាប្រុសរូបនេះ មមាញឹកខ្លាំង បើទោះបីជាលោក ត្រូវបានគេដឹងថា ជាតារាជំនាន់ក្រោយក៏ពិតមែន។ ងាកមករកភាពយន្ត «ឯណាខ្មោច» ដែលជាស្នាដៃសម្តែងថ្មីនេះ លោកក៏បានគ្រងតំណែងជាតួឯក ខណៈបច្ចុប្បន្នរឿងនេះ បានថតចប់សព្វគ្រប់អស់ហើយ គឺគ្រោងតែដាក់បញ្ចាំងតែប៉ុណ្ណោះ។ លោក ទ្រី តារាវុធ មានក្តីរំពឹងយ៉ាងខ្លាំង ថាមានទស្សនិកជនគាំទ្រច្រើន ចំពោះស្នាដៃរឿង «ឯណាខ្មោច» នេះ។

ថ្លែងប្រាប់ Khmertalking កាលពីពេលថ្មីៗនេះ លោក ទ្រី តារាវុធ បាននិយាយថា ​ចំពោះរឿង «ឯណាខ្មោច» ​គឺថតចប់អស់ហើយ តាំងពីមុនភ្ជុំបិណ្ឌមកម្ល៉េះ ខណៈក្នុងរឿងនេះ លោកសម្តែងជាតួឯក និងមានអត្តចរិតជាបុរសម្នាក់ ដែល​ក្លាហានមិនខ្លាចខ្មោច ប្រៀបបាននឹងវីរៈបុរសម្នាក់អ៊ីចឹង​។

លោកថា ចំពោះរឿងនេះ គឺមានការរំពឹងខ្ពស់ថា មានទស្សិកជនគាំទ្រច្រើន ព្រោះភាពយន្តនេះប្លែក និងល្អ​ ខណៈ​រាល់បច្ចេកទេសសម្តែង និងប្លង់ថត គឺមានការសម្រិតសម្រាំងខ្លាំង។ លើសពីនេះ ក្នុងនាមជាតួសម្តែងរឿងនេះផ្ទាល់ និងធ្លាប់សម្តែងរឿងជាច្រើនរួចមក ​គឺរឿងនេះ មានសង្ឃឺមថា មានអ្នកគាំទ្រច្រើនជាងរឿង «កំណត់ហេតុនាងនាថ» ទៀត​។

យ៉ាងណាមិញ ងាកមករឿងរ៉ាវស្នេហាវិញ ទស្សនិកជនភាគច្រើនធ្លាប់និយាយថា លោក ទ្រី តារាវុធ មានទំនាក់ទំនងជាមួយកញ្ញា សួង ស៊ីធឿន ដែលជាតារាសម្តែងដូចគ្នា ទោះអ្នកទាំងពីរបានបដិសេធរួចហើយក្តី។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ កញ្ញា សួង ស៊ីធឿន បានថតរូបជាមួយបុរសម្នាក់ យ៉ាងស្និទ្ធប្រៀបបាននឹងគូស្នេហ៍ ដោយលោក ទ្រី តារាវុធ ផ្ទាល់បានិយាយថា «សម្រាប់លោកផ្ទាល់មិនបានដឹងទេ ថាកញ្ញា សួង ស៊ីធឿន នឹងបុរសម្នាក់នោះ មានទំនាក់ទំនងអ្វី គឺដឹងត្រឹមតែថា ទំនាក់ទំនងលោក និង ​សួង ស៊ីធឿន ជាមិត្តរួមការងារសិល្បៈនឹងគ្នា តែប៉ុណ្ណោះ»

ពាក់ព័ន្ធរឿងនេះ លោក ទ្រី តារាវុធ សង្កត់ធ្ងន់ថា «ចំពោះទស្សនិកជន ដែលតែងតែនិយាយថា លោកនឹង សួង ស៊ីធឿន មានទំនាក់ទំនងស្នេហ៍ជាមួយគ្នា ក៏មិនអាចហាមឃាត់បានដែរ ព្រោះគេឃើញអ្វីគេនិយាយហ្នឹង តាមតែមើលឃើញ ខណៈលោក​ដឹងខ្លួនឯងច្បាស់​ថា លោក​នឹងនាងត្រឹមតែដៃគូក្នុងសិល្បៈ ដូចដែលអ្វីបានបកស្រាយពីមុនមក»