(ភ្នំពេញ)៖ ខ្សែបម្រើវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលកំពុងតែមានភារកិច្ចក្នុងជម្រើសជាតិកម្ពុជា អ៊ន ចាន់ប៉ូលីន បានសម្តែងអារម្មណ៍រំភើបរីករាយណាស់ដែលរូបគេបានជាប់ជម្រើសជាតិសារជាថ្មីម្តងទៀត ដែលនេះជាលើកទី៣ សម្រាប់រូបគេក្នុងការលេងតំណាងឲ្យប្រទេសកម្ពុជា។

ប៉ូលីន បាននិយាយថា រូបគេបានរៀនសូត្រច្រើនជាមួយគ្រូបង្វឹកថ្មី បើទោះបីជាទើបតែចំណាយរយៈពេលខ្លីជាមួយគ្នាក្តី។ ទាក់ទងនឹងការប្រកួតថ្ងៃនេះជាមួយក្រុមទីម័រខាងកើត ប៉ូលីនបានយល់ថា « ឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្នាមួយរយៈនេះ ក្រុមរបស់យើងមានការយល់ចិត្តគ្នាច្រើន ហើយយើងម្នាក់ៗពិតជាប្រឹងប្រែងខ្លាំងណាស់ និងខំប្រឹងធ្វើតាមអ្វីដែលគ្រូចង់បាន ជាពិសេទៅទៀតនោះ ពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីអ្នកគាំទ្រកម្ពុជា»

បន្ថែមពីនេះទៀត កីឡាករវ័យក្មេងរូបនេះបានសំណូមពរឲ្យអ្នកគាំទ្រ ចូលរួមទស្សនាការប្រកួតល្ងាចនេះឲ្យបានច្រើន និងរង់ចាំមើលពីភាពប្រែប្រួលទម្រង់លេងរបស់កម្ពុជានាថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជានឹងធ្វើការប្រកួតទល់នឹងទីម័រខាងកើតនៅថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ នេះ នាម៉ោង៦៖៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អាស្រ័យហេតុនេះសូមបងប្អូនអ្នក​ស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ចូលរួមគាំទ្រក្រុមគោព្រៃកម្ពុជាឲ្យបានច្រើនកុះករ៕