(ក្រុងឡុងដ៍)៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ Eden Hazard បានលើកឡើងថា រូបគេនឹងមិនផ្លាស់ចេញពី Chelsea ដើម្បីទៅចូលរួមជាមួយ Real Madrid ក្នុងខែមករា ឆ្នាំ២០១៩ ឡើយ ប៉ុន្តែបានបញ្ជាក់ថា អាចផ្លាស់ចេញពីក្រុមតោខៀវ Chelsea ដើម្បីឈ្នះពាន Ballon d’Or។

ខ្សែប្រយុទ្ធឆ្នើមបែលហ្ស៊ិក វ័យ២៧ឆ្នាំ កាលពីដើមខែនេះបានសារភាពថា ការចូលរួម Real Madrid ជាក្ដីស្រមៃរបស់គេតាំងពីតូចមក។

ក្នុងសន្និសីទសារព័ត៌មានតំណាងក្រុមជម្រើសជាតិបែលហ្ស៊ិក នៅពេលត្រូវបានសួរថាតើគេត្រូវការទៅលេងនៅអេស្ប៉ាញ ដើម្បីឈ្នះពានឯកត្តជនកំពូលៗឬយ៉ាងណា? Hazard តបថា «អីចឹងហើយបានជាខ្ញុំចង់ទៅ ប្រហែលហើយ»

ទោះយ៉ាងណា Hazard បញ្ជាក់ថា គេមិនទៅ Real Madrid ក្នុងខែមករាខាងមុខឡើយ។

អតីតយុវជននៃក្លឹប Lille របស់បារាំងខាងលើ មានកិច្ចសន្យាជាមួយ Chelsea ដល់ខែមិថុនា ឆ្នាំ២០២០។ ប្រភពព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថា Real Madrid សង្ឃឹមថា Chelsea អាចលក់ Hazard នៅដំណាច់រដូវកាលនេះ ក្នុងតម្លៃ៧០លានផោន ជាជាងប្រឈមនឹងហានិភ័យនៃការបាត់បង់តារាឆ្នើមរូបនេះនៅឆ្នាំបន្ទាប់ដោយគ្មានតម្លៃផ្ទេរ។

Real ទើបតែទិញបាន Thibaut Courtois ពី Chelsea ក្នុងខែសីហាកន្លងទៅ ក្នុងតម្លៃ៣៥លានផោន ដ្បិតអ្នកចាំទីដៃទី១ បែលហ្ស៊ិករូបនេះឈានចូលឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយ Chelsea ទៅហើយ។

សូមបញ្ជាក់ថា Hazard បានផ្លាស់ពី Lille មក Chelsea ក្នុងឆ្នាំ២០១២ ហើយមកទល់ពេលនេះចូលលេងបាន២១៦ប្រកួត ស៊ុតចូល៧៦គ្រាប់ សម្រាប់ក្រុមតោខៀវ៕