(វ៉ាសរ)៖ ក្រុមជើងឯកអឺរ៉ុប រាជសីរោមមាស ព័រទុយហ្គាល់ បានយកឈ្នះម្ចាស់ផ្ទះប៉ូឡូញក្នុងលទ្ធផល ៣-២ ក្នុងព្រឹត្តិការណ៍ UEFA Nationals League ខណៈអវត្តមានកីឡាករប្រធានក្រុម Cristiano Ronaldo ដែលមិនត្រូវបានគ្រូបង្វឹកកោះហៅ។

កីឡាករខ្សែប្រយុទ្ធមកពីក្លឹប Valencia, Andre Silva ជាអ្នករកគ្រាប់តាមស្មើ ១-១ នៅនាទីទី៣១ ក្រោយពេល Piatek បានរកគ្រាប់នាំមុខឲ្យប៉ូឡូញនៅនាទីទី១៨ ជាមួយនឹងមិត្តរួម Glik ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៤២ នៃវគ្គទី១ រយៈពេល ៤៥នាទីដំបូង មុនពេលកីឡាករខ្សែបម្រើស្លាបមកពីក្លឹប Manchester City, Bernado Silva ស៊ុតពីចម្ងាយ ៤០យ៉ាតចូលទីយ៉ាងស្អាតនៅនាទីទី៥២ ដើមវគ្គទី២ និងគ្រាប់ទី២ របស់ប៉ូឡូញកើតឡើងនៅនាទីទី៧៧។

ក្រុមដែលជ្រុះចេញពី FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមនោះ នៅសល់១ប្រកួតទៀតក្នុងខែតុលានេះ ដោយត្រូវប៉ះក្រុមស្កុតឡែន នៅសប្តាហ៍ក្រោយក្នុងជំនួបមិត្តភាពអន្តរជាតិ ខណៈប៉ូឡូញត្រូវជួបអ៊ីតាលី នៅថ្ងៃទី១៥ ខែតុលា ក្នុងយុទ្ធនាការ Nationals League៕