(ភ្នំពេញ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាពេលខាងមុខ។

ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើម ក្រុមទាំងពីរ ធ្លាប់បានជួបគ្នាជាច្រើនលើករួចមកហើយ តែជួបគ្នា ៥លើកចុងក្រោយ  ក្រុមរហស្សនាមគោព្រៃកម្ពុជា បានទទួលជ័យជម្នះ ៤ដង ហើយចាញ់តែម្ដងប៉ុណ្ណោះ។ ដូច្នេះចាំមើល តើជំនួបមិត្តភាពអន្ដរជាតិល្ងាចនេះ ជម្រើសជាតិកម្ពុជា អាចរក្សាកំណត់ត្រាល្អរបស់ខ្លួនបាន ឬក៏យ៉ាងណា?

សម្រាប់លទ្ធផល ៥ប្រកួតចុងក្រោយ រួមមាន៖ ឆ្នាំ២០១០ កម្ពុជាឈ្នះទីម័រ ៤-២ ក្នុងវគ្គជម្រុះពាន AFF Championship, ឆ្នាំ២០១២ កម្ពុជា ចាញ់ទីម័រ ៥-១ នៃវគ្គជម្រុះពាន AFF Championship, ឆ្នាំ២០១៤  កម្ពុជា ឈ្នះទីម័រ ៣-២ នៃវគ្គជម្រុះពាន AFF Championship, ឆ្នាំ២០១៦  កម្ពុជា បានលត់ទីម័រ ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិលើទឹកដីខ្លួន មុនបន្ដយកឈ្នះទីម័រ ៣-២ ក្នុងវគ្គជម្រុះពាន AFF Championship ឆ្នាំ២០១៦ដូចគ្នា។

សូមបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិល្ងាចនេះ អ្នកគាំទ្រអាចចូលរួមទស្សនាបាន ជាមួយនឹងការទិញសំបុត្រ ២ប្រភេទ គឺតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល។ បន្ទាប់ពីចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិក្នុងដី ១ប្រកួតទៀត ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦  ខែតុលាខាងមុខ ដើម្បីជំរុញកីឡាករឲ្យកាន់តែល្អប្រសើរ ឆ្ពោះទៅចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018៕