(ភ្នំពេញ)៖ ខណៈកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក «Miss Grand International» 2018 កំពុងដំណើរការនៅប្រទេសមីយ៉ាន់ម៉ានោះ ក្នុងនោះមានកញ្ញា ឌី លីកា ដែលជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា។ ទន្ទឹមគ្នានឹងការគាំទ្រនេះផងដែរ ក៏មានការមិនពេញចិត្ត ទៅលើការផាត់មុខឲ្យកញ្ញា ឌី លីកា ដោយក្នុងនោះអ្នកជំនាញផាត់មុខ និងតារាម៉ូដែល នាងរំដួលលិចទឹក បានថាឲ្យអ្នកផាត់មុខ Miss Grand Cambodia 2018 ចំៗមិនប្រណីមាត់ ចំពោះការផាត់មុខ កញ្ញា ឌី លីកា មិនសមរម្យប្រៀបបាននឹងក្មេងៗរៀនផាត់មុខ ព្រោះនេះជាកត្តាមួយធ្វើឲ្យប្រទេសដទៃសើចចំអកខ្មែរ។

ការលើកឡើងបែបនេះ បន្ទាប់ពីគេឃើញមានការចែករំលែកយ៉ាងច្រើន នូវរូបភាពរបស់ កញ្ញា ឌី លីកា បេក្ខភាពតំណាងកម្ពុជា ក្នុងគេហទំព័រផ្លូវការរបស់ «Miss Grand International»។ ការដែលបានប្រទះរូបនេះហើយ រំដួលលិចទឹក បានបញ្ចេញមតិរិះគន់ភ្លាម ដោយលើកឡើងយ៉ាងដូច្នេះថា «ខ្មាស់គេណាស់លោកអើយ....និយាយតាមត្រង់ខ្ញុំពិតជាមិនយល់ហើយនិងថែមទាំងខឹងទៀតផង ចង់រកមុខអ្នកផាត់មុខ និងជាងថតហើយចង់សួរទៅកាន់អ្នករៀបចំឲ្យ Miss grand Cambodia ទៅប្រកួតនិងមានបើកភ្នែកមើលឬអត់?»

រំដួលលិចទឹក បានបន្តថា «ហើយបើថាអត់អ្នកតែងទេ មករកខ្ញុំមកខ្ញុំតែងឲ្យមិនយកលុយទេ ដើម្បីមុខមាត់បរវរកញ្ញាតំណាងប្រទេស ខ្ញុំនិយាយមែន ..ដូចហួសហេតុ សួរថាយកគ្នាទៅប្រកួតតំណាងឱ្យប្រទេសខ្មែរ ដើម្បីឱ្យគេស្គាល់ខ្មែរ ឬយកទៅឱ្យគេសើចខ្មែរ?? សូមបងប្អូនជួយមើលផង គាត់ពិតជាមានរូបសម្រស់ស្អាតពិតមែន ចុះហេតុអីបានមកផាត់មុខគាត់បែបនិង មុខសរហោះ រោមភ្នែកបិទមិនចំកន្លែង ហើយរបកកាវអស់ទាំងសងខាង ចិញ្ចើមប្រតាក ហើយជាងថតនិងក៏មិនចេះមើលទៀត ពិសេសអ្នកដែលយករូបគាត់ផ្ញើរទៅខាងកម្មវិធីនិងមិចមិនបើកភ្នែកមើលផងលោក បវរកញ្ញាតំណាងជាតិណា មិនមែនដូចក្មេងធ្វើលេងចឹងទេ ... ហួសហេតុ ខ្ញុំជាអ្នកគាំទ្រ កម្មវិធីបរវរកញ្ញាគ្រប់កម្មវិធីចឹងខ្ញុំចូលចិត្តតាមដាន ពិសេសបវរកញ្ញាខ្មែរតែម្តង ព្រោះគាំទ្រខ្មែរ ហើយលេងមកម៉ាកៗហ្នឹងអី និយាយមែនកុំថាចង់ជាប់ តែបវរកញ្ញាមកប្រឡងដូចគ្នាគេឃើញរូបហ្នឹង គេក៏សើចចុកពោះ ហើយពិសេសមើលងាយដល់ជាងៗផាត់មុខ និងជាងថតស្រុកខ្មែរទៀតថា ផាត់របៀបនិងចឹងតើ..ចឹងសូមពិចារណាតាមការគួរ អធ្យាស្រ័យផង ម្ចាស់រូប Dy Lika Mgc បងក៏ដឹងថា ប្អូនក៏មិនសប្បាយចិត្តដែរ ពេលឃើញរូបខ្លួនឯងដល់ថ្នាក់និង ....ស៊ូស៊ូអូនបងគាំទ្រប្អូន ខំដើម្បីមុខមាត់ខ្លួននិងប្រទេសជាតិយើងអូន ស៊ូស៊ូ»

យ៉ាងណាមិញ ទោះបីជាមានការរិះគន់បែបនេះក្តី តែកញ្ញា រំដួលលិចទឹក ក៏បានលើកទឹកចិត្តផងដែរ ឱ្យបេក្ខនារី តំណាងកម្ពុជា កញ្ញា ឌី លីកា ខិតខំព្យាយាមក្នុងការប្រកួតដើរម៉ូត លើកឆាកអន្តរជាតិ។ ទោះលទ្ធផលបែបណា ប្រជាជនខ្មែរ នៅតែស្វាគមន៍នាង និងលើកទឹកចិត្តនាងជានិច្ច ព្រោះនាងបានបំពេញភារកិច្ចយ៉ាងល្អ ក្នុងការជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យបរទេសបានស្គាល់ ជាពិសេសឱ្យប្រទេសដទៃលើពិភពលោក ស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់៕