(ភ្នំពេញ)៖ តារាប្រុសរូបសង្ហា ដែលកំពុងមានប្រជាប្រិយភាព លើអាជីពសិល្បៈ និងលេចធ្លោលើសកម្មភាពសង្គម​ វីជេ អាឡាស្កូ ថ្មីៗនេះ បានធ្វើការបង្ហោះរូបភាព បង្ហាញពីជីវភាពកំសត់របស់ក្មេងប្រុសម្នាក់ ដែលបានទូលនំដើរលក់ថា បើប្រៀបធៀបទៅនិងអតីតកាលរបស់លោក គឺមានការលំបាកជាងនេះ១០០ដងឯណោះ។

វីជេ ​អាឡាស្កូ មុនពេលចាប់អាជីពសិល្បៈ គ្រានៅកុមារភាព គឺលោកបាននិយាយថា ខ្លួនធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ទម្រាំវិវឌ្ឍន៍ខ្លួនបានធូរធា និងមានការគាំទ្រដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះ លោកក៏បានលើកការប្រៀបធៀប នូវប្រវត្តិអតីតកាលរបស់ខ្លួន ជាមួយរូបភាពក្មេងប្រុសកំសត់ម្នាក់ ផងដែរ។ ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា ហើយមានការសរសេរថា «នេះជាអតីតកាលរបស់ខ្ញុំ​​។ ​ជីវិត អាស្កូ ជាងនេះ១០០ដងផង​។ មានតែម្តាយទេ ដែលដឹងអ៊ីចឹងបានថា មនុស្សកុំមើលងាយមនុស្ស…»

ជាការកត់សម្គាល់ តារាប្រុសរាងសង្ហាវីជេ អាឡា​ស្កូ បច្ចុប្បន្នមិនត្រឹមតែមានការមមាញឹក លើអាជីពសិល្បៈ ស្ទើររកពេលសម្រាកគ្មាននោះទេ គឺតារារូបនេះជារឿយៗ ថែមទាំងបង្ហាញសកម្មភាព ចូលរួមការងារមនុស្សធម៌ ជួយសង្គមដូចជា ចែកសម្ភារៈសិក្សាដល់កុមារ តាមសហគម ចែកអំណោយចាស់ជរា និងប្រជាពលរដ្ឋខ្វះខាតជាដើម៕