(ភ្នំពេញ)៖ បទចម្រៀងមានចំណងជើងថា «អ្នកណាកែចិត្តបង?» ដែលជាការបកស្រាយ របស់អតីតបេក្ខនារីក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣ កញ្ញា សោភា ទេពី កំពុងទទួលបានការគាំទ្រខ្លាំង រហូតមានអ្នកចូលទស្សនាជិតលានដង ក្នុង​ YouTube។ ជាការកត់សម្គាល់ទៅលើ MV ថ្មីបទនេះ ពុំឃើញ​ម្ចាស់បទនេះ គឺកញ្ញា សោភា ទេពី មិនមានវត្តមានក្នុងវីដេអូចម្រៀងទៅវិញ? រឹតតែចាប់អារម្មណ៍ទៀតនោះ គឺនាង​ត្រូវបានខាងប្រភព​ទម្លាយចេញ​ពីផលិតកម្ម Zone បង្ហើបឲ្យដឹងថា នាងជាប្រភេទមនុស្ស «ក្រពើ​វង្វេងបឹង» ព្រោះតែមិនបានដឹកគុណមនុស្សដែលជួយឲ្យនាងល្បីដល់សព្វថ្ងៃ។

បទ «អ្នកណាកែចិត្តបង?» ជាការនិពន្ធដោយលោក សួរ រៈបុរី ក្នុងផលិតកម្ម Zone។ បើគេនៅចាំមិនភ្លេចទេ បទនេះ​ត្រូវបានខាងផលិតកម្ម Zone និពន្ធឡើង និងឲ្យ សោភា ទេពី ច្រៀងតាំងពីនាងមិនទាន់ចូលប្រឡង ក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣មកម្ល៉េះ។ លើសពីនេះ ខាងផលិតកម្មខិតខំគ្រប់បែបយ៉ាង ដើម្បីជំរុញបទនេះឲ្យកាន់តែល្បី ហើយនេះហាក់ជួយធ្វើឲ្យ កញ្ញា សោភា ទេពី ល្បីដូចគ្នាដែរ។ រហូតមកទល់នឹងពេលនេះ បទចម្រៀង «អ្នកណាកែចិត្តបង?» បានល្បីហើយរហូតមានអ្នកចូលទស្សនាជិតលានដងក្នុង​ YouTube ព្រមទាំងបានចេញ វីដេអូពេញទៀតផង ប៉ុន្តែហេតុអ្វីខាងផលិតបង្ហើបថា នាងជា «ក្រពើវង្វេងបឹង» ទៅវិញ?

ពិតណាស់​ មូលហេតុ​គឺនៅត្រង់ថា ពេលបទចម្រៀងរបស់ខ្លួនកំពុងល្បីខ្លាំង កញ្ញា សោភា ទេពី បានបដិសេធថា នាងមិនជាតារាចម្រៀងនៅក្នុងផលិតកម្ម Zone ទេ ព្រោះនាងធ្លាប់បង្ហើបថា ក្រៅពីផលិតកម្មហង្សមាស នាងមិនចូលច្រៀងជាដាច់ខាត ខណៈខាងផលិតកម្មហង្សមាសក៏មិនទាន់ទទួលស្គាល់ថា តារាស្រីរូបនេះជាតារាក្នុងផលិតកម្មរបស់ខ្លួននោះដែរ។ ការបដិសេធបែបនេះត្រូវបានខាងផលិតកម្ម Zone បង្ហើបថា «សោភា ទេពី ប្រៀបដូច «ក្រពើ វង្វេងបឹង» ព្រោះខាងផលិតកម្មជួយឲ្យល្បីហើយ បែរជានាងធ្វើចរិតតួឯកទៅវិញ បើនិយាយឲ្យចំគឺដើរលើស្ពានហើយ រុសស្ពានចោល បានល្បីហើយ បែរជាភ្លេចប្រភពដើម ដែលជាអ្នកនាំឲ្យខ្លួនល្បីរាល់ថ្ងៃនេះ»

ដោយឡែក បើងាកមកមើលតារាស្រីរូបស្រស់ កញ្ញា សោភា ទេពី ផ្ទាល់ បានសរសេរសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «នាងខ្ញុំ សោភា ទេពី សូមបដិសេធថា ក្នុងពេលបច្ចុប្បន្ននេះ នាងខ្ញុំមិនបាននៅក្នុងផលិតកម្ម zone នេះទេ សូមបងៗសារព័ត៌មាន មេត្តាជួយកែសម្រួលពាក្យពេចន៍ក្នុងអត្ថបទនេះផង ! ខ្ញុំជាម្ចាស់បទ «អ្នកណាកែចិត្តបង» ពិតប្រាកដមែន តែមិនបានចូលផលិតកម្មនេះទេ! សូមអរគុណ! សូមជួយស៊ែម្នាក់មួយមកចា៎»

ជាមួយនឹងសារខាងលើរបស់ សោភា ទេពី ត្រូវបានទស្សនិកជនគិតថា ប្រហែលជាបច្ចុប្បន្ន នាងជាតារាចម្រៀងឯករាជហើយ ខណៈការដាក់ថា នាងជាតារាក្នុង ផលិតកម្ម Zone ទំនងជានាងខ្លាចបាក់កាលីព ឬធ្លាក់តម្លៃខ្លួនហើយមើលទៅ។ ដោយមិនបានគិតថា ទំរាំបទនេះល្បី ខាងផលិតកម្ម Zone ដុតដៃដុតជើងជួយនាងយ៉ាងណាខ្លះ ទោះជាបំណងរបស់នាង មិនចូល​ផលិតកម្មតូចតាចក៏ដោយ។

ជុំវិញការចោទប្រកាន់ ដ៏ចម្រូងចម្រាស់នេះ Fresh News នៅមិនទាន់អាចទំនាក់ទំនង ទៅកាន់តារាចម្រៀង សោភា ទេពី ដើម្បីឲ្យចម្ងល់នេះ បាននៅឡើយទេ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ។