(ក្រុងឡុងដ៍)៖ លោក Southgate គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស បានធ្វើការកោះហៅកីឡាករវ័យក្មេង ៣រូបមកចូលរួមក្រុមឈុតធំអង់គ្លេស ជាលើកដំបូង ដើម្បីប្រកួតក្នុងពានរង្វាន់លីគ អឺរ៉ុប UEFA Nationals League និងមិត្តភាពអន្តរជាតិប្រចាំខែតុលានេះ។

កីឡាករដែលកំពុងចាប់ផ្តើមរះទាំងនោះមានដូចជា James Maddison, Jadon Sancho និង Mason Mount បានស្ថិតក្នុងបញ្ជីទាំង ២៣នាក់របស់អង់គ្លេស ដែលត្រូវបានបង្ហាញនាថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨ ក្នុងទីក្រុងឡុងដ៍ផ្ទាល់តែម្តង។

១៖ កីឡាករខ្សែបម្រើវ័យ ២១ឆ្នាំ James Maddison បច្ចុប្បន្នលេងឲ្យក្លឹប Leicester City ក្នុងរដូវកាលថ្មីនេះ រូបគេលេងបាន ៧ប្រកួត និងរកបាន ៣គ្រាប់។

២៖ កីឡាករខ្សែបម្រើវ័យ ១៨ឆ្នាំ Jadon Sancho បច្ចុប្បន្នលេងឲ្យក្លឹបអាល្លឺម៉ង់ Borussia Dortmund ដោយក្នុងរដូវកាលថ្មីនេះ លេងបាន ៩ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបានបំបែកកំណត់ត្រារបស់កីឡាករខ្សែការពារស្លាបស្តាំ Alexander-Arnold ដែលមានវ័យក្មេងជាងគេក្នុងក្រុមតោកំណាច។

៣៖ កីឡាករខ្សែបម្រើវ័យ ១៩ឆ្នាំ Mason Mount បច្ចុប្បន្នលេងឲ្យក្លឹប Derby County ក្រោមការដឹកនាំរបស់ Franck Lampard ដែលលេងក្នុងក្របខណ្ឌទី២ របស់អង់គ្លេស Chapionship ដោយបង្ហាញខ្លួនបាន ១៤ប្រកួត និងស៊ុតចូល ៥គ្រាប់៕