(ភ្នំពេញ)៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) នឹងត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ប៉ុន្ដែមុនការប្រកួតមកដល់លោក ភា សុភ័ក្ដ្រា  គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ បានបង្ហើបនូវចំណុចខ្លាំងមួយចំនួន រហូតលោកបានចាត់ទុកទ័ព គឺជាក្រុមមានប្រៀបលើគូប្រជែងទៀតផង ព្រោះឆ្លងកាត់ប្រកួតកន្លងមក ក្រុមខ្លួនបានជួបក្រុមខ្លាំងៗច្រើន ក្នុងពានរង្វាន់ប្រើប្រាសធនធានកីឡាករក្នុងស្រុកមួយនេះ។ មិនតែប៉ុណ្ណោះ លោកក៏គ្មានក្ដីបារម្ភដែរ ព្រោះកូនក្រុមម្នាក់ៗ សុទ្ធតែបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការជួយក្រុមប្រជែងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ឲ្យខានតែបាន។

លោកនិយាយថា «បើប្រៀបធៀបទម្រង់លេងរបស់ក្រុមទាំងពីរ ការពារជាតិ បានឡើងទាំងលំបាក ព្រោះមិនមែនជួបក្រុមទន្លេបាទី(សាលាបាល់ទាត់ជាតិ) ចឹងក្នុងស្ថានភាពនេះ យើងភ្ញាក់ផ្អើលរួចហើយ ព្រោះយើងបានជួបក្រុមគេដាក់សម្ពាធ និងមានការប៉ះទង្គិចខ្លាំង សុទ្ធតែក្រុមមានល្បឿនលឿន ដូចជាណាហ្គាវើលជាដើម តែយើងក៏ត្រូវពង្រឹងចំណុចខ្លាំងបន្ថែម ហើយប៉ូលិស ក៏អាចមានការភ្ញាក់ផ្អើលដែរ ព្រោះគូប្រកួតគេឡើងមក គឺគេជួបក្រុមកម្រិតរាងទាបបន្ដិច ដោយការប្រកួតប្រជែងហាក់ស្រួលជាងក្រសួងការពារជាតិ»

គួរបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលក្រុមទាំងពីរ បានជួបគ្នាក្នុងពានប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ ខណៈ ២លើកមុនជួបគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយលទ្ធផលឈ្នះ-ចាញ់គ្នាម្ដងម្នាក់ ក្នុងនោះឆ្នាំ២០១៣ ក្រសួងការពារជាតិ បានយកឈ្នះ ២-១ និងឆ្នាំ២០១៤ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះ ២-១ វិញ។ ប៉ុន្ដែបើក្រឡេកមកមើលលទ្ធផលជួបគ្នា ២លើកចុងក្រោយក្នុងលីគ ក្រុមលោក ភា សុភ័ក្ដ្រា បានលត់ប៉ូលិសយ៉ាងចាស់ទាំង ២ជើង ជាមួយលទ្ធផល ៤-០ ក្នុងជើងទី១ និង ៣-១ ក្នុងជើងទី២៕