(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ជាថ្មីទៀតហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលាខាងមុខ ប៉ុន្ដែការប្រមូលផ្ដុំលើកនេះ មិនមានវត្តមានអ្នកចាត់ការទូទៅថ្មី លោក Keisuke Honda ដឹកនាំផ្ទាល់ ដូចកាលលើកមុននោះទេ។

ការប្រមូលផ្ដុំក្រុមរហស្សនាមគោព្រៃកម្ពុជា ក្រោយផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មីនេះ គឺដឹកនាំដោយគ្រូបង្វឹកលោក Felix Agustin Gonzalez Dalmas នៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ដោយមានកីឡាករ ១៩នាក់បានចូលរួមហ្វឹកហាត់ថ្ងៃដំបូង ខណៈកីឡាករ ៥នាក់អវត្តមាន ក្នុងនោះមានសមាជិកក្រុមក្រសួងការពារជាតិ ៤នាក់ ដោយជាប់ភារកិច្ចជួយក្លឹបត្រៀមប្រកួតផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន មិនបានចូលរួម ។ ឯម្នាក់ទៀត គឺកីឡាករ ធារី ចន្ថាប៊ីន ដែលអវត្តមាន តែមិនទាន់ដឹងពីមូលហេតុនោះទេ។

យ៉ាងណាមិញ ចំពោះបេសកកម្មលើកនេះ គេមិនទាន់ដឹងថា Keisuke Honda នឹងមកបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅពេលណា ឬយ៉ាងម៉េចនោះទេ ។ ប៉ុន្ដែបើតាមប្រភពច្បាស់ការមួយ បានលួចបង្ហើបថា Honda គ្រោងនឹងមកដឹកនាំក្រុមគោព្រៃកម្ពុជា មុនថ្ងៃប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលាខាងមុខ។ ហេតុនេះ ភារកិច្ចដឹកនាំក្រុមហ្វឹកហាត់ពេលនេះ ទទួលបន្ទុកដោយដៃស្ដាំរបស់លោក គឺលោក Felix Agustin Gonzalez Dalmas ដែលជាគ្រូបង្វឹកផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា។

សូមបញ្ជាក់ថា ការប្រមូលផ្ដុំរបស់ក្រុមគោព្រៃកម្ពុជានេះ គឺដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២លើក ពោលគឺក្រោយជួបក្រុមជម្រើសជាតិទីម័រខាងកើត កម្ពុជានឹងបន្ដបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិសិង្ហបុរី ក្នុងជំនួបមិត្តភាពអន្ដរជាតិដូចគ្នា នាថ្ងៃទី១៦ ខែតុលាខាងមុខ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងឈានចូលមកដល់ នាដើមខែវិច្ឆិកា ខណៈកម្ពុជា ត្រូវជួបជម្រើសជាតិម៉ាឡេស៊ីមុនគេ ក្នុងពូលA នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕