(ភ្នំពេញ)៖ គួរឲ្យចាប់អារម្មណ៏ ដែលបទចម្រៀង «អ្នកណាកែចិត្តបង» ច្រៀងតារាចម្រៀងស្រីវ័យក្មេង និងជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ញឹម សួនសោភាទេពី ដែលមានអ្នកចូលទស្សនារហូតដល់​ទៅជិត ២០លានដង នៅលើ​បណ្ដាញសង្គម YouTube នោះ នៅថ្ងៃនេះបានចេញជា Full MV ហើយ។

ពិតជាមិនធម្មតាមែន សម្រាប់បទ «អ្នកណាកែចិត្តបង» ក្រោយពី​មានអ្នកទស្សនាជិត ២០លានដងរួចមក ត្រូវបានអ្នកនិយមស្ដាប់បទច្រៀងខ្មែរ សម្ដែងការភ្ញាក់ផ្អើល ព្រោះតែមានអ្នកទស្សនាច្រើនលើសលប់ជាងចម្រៀងដទៃ ហើយអាចនិយាយបានថា ជាប្រវត្តសាស្ត្ររបស់បទចម្រៀងខ្មែរ ដែលមានអ្នកចូលមើលច្រើនដង ពោលគឺប្រៀបដូចទៅនឹងបទល្បីលំដាប់ពិភពលោកដូចជា កូរ៉េ និងអាមេរិក ទៅហើយ។ ​

បទចម្រៀង​មានចំណងជើងថា «អ្នកណាកែចិត្តបង»  ជាបទចម្រៀងបែបមនោសញ្ចេតនាស្នេហា ចាក់ដោតអារម្មណ៍យុវវ័យឲ្យលន្លង់លន្លោច តាមចម្រៀងមួយ​នេះ ជាពិសេសនោះចំពោះ MV បទចម្រៀងផ្ទាល់ ដែលទើបនឹងបញ្ចេញក្ដៅៗនៅពេលនេះ (ថ្ងៃទី០៤ ១០ ​២០១៨) ក្រោយពីទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រខ្លាំង មិនត្រឹមតែកំសត់ និងមានសាច់រឿងល្អទស្សនា ហើយនោះ​ថែមទាំងមានការចូលរួមសម្ដែងពីសំណាក់តារាល្បី​ៗ មានដូចជាកំលោះសង្ហា​លោក ណា​ខុន, កញ្ញា ទីពី និង​កញ្ញា គីម សៀវឡាម ដែលសុទ្ធសឹងតែជាតួសំខាន់​ក្នុងបទចម្រៀងនេះ។

គួរបញ្ជាក់ថា កញ្ញា ញឹម​​ សួន សោភាទេពី ជាតារាចម្រៀងស្រី​វ័យក្មេង ដែលកំពុងតែឆក់យកបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ខណៈដែលនាងតែងតែមាននូវបទចម្រៀង ដើម្បីកំដរអារម្មណ៍ទស្សនិកជនជាពិសេសមិត្តយុវវ័យ។ ជាក់ស្ដែង​ដូចចម្រៀង «អ្នកណាកែចិត្តបង» ដែលជាបទចម្រៀងបែបមនោសញ្ចេតនាដំបូងរបស់នាង គឺទទួលបានការគាំទ្រខ្លាំង ភ្លូកទឹកភ្លូកដី ស្ទើរមិនគួរឲ្យជឿ​៕