(ភ្នំពេញ)៖ ទស្សនិកជនរជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងថ្មី របស់កំពូលតារាចម្រៀ សុខ ពិសី ច្រៀងឆ្លើយឆ្លងជាមួយលោក បូទី ក្រោមចំណងជើងថា «ភ្នែកខូចពីម្ចាស់»។ បទថ្មីជាចំណងដៃរបស់ផលិតកម្មសាន់ដេ ​សម្រាប់ទស្សនិកជនរាំលេងកំសាន្ត សប្បាយរីករាយជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីខ្មែរនេះត្រូវចិត្តយុវវ័យគ្រប់ស្រទាប់។ បទចម្រៀងបង្កប់ដោយមន្តស្នេហ៍រយពាន់ កញ្ញា សុខ ពិសី ថែមទាំងបង្ហាញនូវកាយវិកាយ ក្រមិចក្រមើមគួរឲ្យខ្នក់ខ្នាញ់​ នៅក្នុងវីដេអូចម្រៀងមួយនេះ។

បើតាមការកត់សម្គាល់ចម្រៀងថ្មីមួយបទនេះ គឺទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន​ ព្រោះជានិច្ចកាល គេតែងតែសង្កេតឃើញថា មិនមែនមានតែចម្រៀងថ្មីៗជាច្រើន​ទេ ដែលមានទស្សនិកជនគាំទ្រ​ ពោលគឺរាល់ស្នាដៃរបស់នាង សុទ្ធសឹងតែមានអ្នកចូលទស្សនាច្រើន​លើសលប់តែម្តង មិនថាក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬ YouTube នោះទេ។

ការសម្តែងដ៏ទាក់ទាញជាមួយនឹងស្នាដៃថ្មី  «ភ្នែកខូចពីម្ចាស់» ដែលជាប្រភេទចង្វាក់រាំវង់ គឺលាយឡំជាមួយនឹងសំនៀង យ៉ាងក្រអូនក្រអៅពីតារាច្រៀងទាំងពីរដួង រឹតតែពិសេស គឺ​ធ្វើឲ្យទស្សនិកជនលង់នឹងសម្រស់របស់សុខ ពិសី តែម្តង តាមរយៈកាយវិកាក្នុងចម្រៀង​។គេតែងតែឃើញនាង ស្លៀកសម្លៀកបំពាក់សម័យ តែពេលនេះប្តូររសជាតិថ្មី គឺស្លៀកពាក់បែបប្រពៃណី យ៉ាងសមសួនជាសុភាពនារីខ្មែរ លាយឡំនឹងទឹកមុខញញឹមប្រិមប្រិយរបស់ សុខ ពីសី ផងនោះ គឺរិតតែធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ទ្វេដង៕