(ភ្នំពេញ)៖ ក្រុមជើងឯករងលីគកំពូលកម្ពុជា ឆ្នាំ២០១៨ បឹងកេតអែហ្វស៊ី បានបង្ហាញវត្តមានសមាជិកថ្មីម្នាក់ទៀត ហើយ គឺកីឡាករ សឿត ណាវ៉ា ខ្សែការពារវ័យក្មេង ទើបចប់កិច្ចសន្យាជាមួយសាលាបាល់ទាត់ជាតិបាទី ដែលគ្រប់ គ្រងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

ជាមួយនឹងការបង្ហាញនូវសមាជិកថ្មីនេះ បឹងកេត បានផ្ដល់អាវលេខ៥ ដែលទំនេរពាក់កណ្ដាលរដូវកាល បន្ទាប់ពី កីឡាករ សុខ សុវណ្ណ ចាកចេញទៅរួមរស់ជាមួយក្រុមវិសាខា ដល់ខ្សែការពារវ័យ ១៨ឆ្នាំរូបនេះ។ នេះបើយោងតាម ការបញ្ជាក់ក្នុងវីដេអូខ្លី ស្ដីពីការបង្ហាញកីឡាករ សឿត ណាវ៉ា ជាសមាជិកក្លឹបផ្លូវការនារសៀលថ្ងៃទី០៤ ខែតុលានេះ។

សឿត ណាវ៉ា គឺជាកីឡាករជម្រើសជាតិយុវជនកម្ពុជា មកពីសាលាបាល់ទាត់ជាតិបាទីទី២ ហើយ ដែលបានចុះកិច្ច សន្យាជាមួយអតីតក្លឹបជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ៣ជំនាន់នេះ ដើម្បីត្រៀមរដូវកាលឆ្នាំ២០១៩ បន្ទាប់ពីអ្នក ចាំទី ហ៊ុល គឹមហ៊ុយ ដែលត្រូវបានក្លាយប្រកាសចុះកិច្ចសន្យាកាលពីថ្មីៗ។ យ៉ាងណាមិញក្លឹប នៅតែមិនបញ្ជាក់ពី សុពលភាពនៃកិច្ចសន្យាដដែល៕