(ភ្នំពេញ)៖ គុនខ្មែរកីឡាករជើងខ្លាំង រឿង សោភ័ណ្ឌ នឹងមានឱកាសសងសឹកជាមួយជើងខ្លាំងមីយ៉ាន់ម៉ា Yan Naing Tun ក្នុងប្រភេទទម្ងន់ ៦៧ ទៅ ៧០គីឡូក្រាម គ្រាដែលធ្លាប់ចាញ់ម្តងកាលពីប្រកួតក្នុងកម្មវិធី World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា។

កម្មវិធីប្រកួត 2nd World Kun Khmer Chapionship ដែលប្រើច្បាប់គុនខ្មែរនឹងចាប់ផ្តើមនៅថ្ងៃទី២៨-៣០ ខែធ្នូ ឆ្នាំ២០១៨ នេះបើតាមការឲ្យដឹងសហព័ន្ធគុនខ្មែរអន្តរជាតិ លើបណ្តាញសង្គម។

សោភ័ណ្ឌ ធ្លាប់ចាញ់កាលពីប្រកួតក្នុងកម្មវិធី World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដែលត្រូវបានគេមើលឃើញថា លោកអាជ្ញាកណ្តាលម្ចាស់ផ្ទះកាត់ក្តីលម្អៀងយ៉ាងខ្លាំងក្នុងអំឡុងការប្រកួតនោះ ដោយបានបញ្ឈប់នៅចុងទឹកទី៣ ខណៈមីយ៉ាន់ម៉ាបានបាត់បង់ម្ចាស់ការលើខ្លួនឯងតាំងពីទឹកទី២ មកម្ល៉េះ។

ប្រសិនបើមានការប៉ះគ្នាជាថ្មី នោះនឹងមានការគាំទ្រខ្លាំងដ្បិតអ្នកគាំទ្រនៅកម្ពុជាមិនអស់ចិត្តនឹងលទ្ធផលនោះឡើយ យ៉ាងណាក្តីនៅពុំទាន់មានលិខិតរដ្ឋបាល ឬការប្រកាសជាផ្លូវការណាមួយឡើយ ចំពោះការប៉ះគ្នារវាងជើងខ្លាំងទាំងពីរ រហូតមកទល់ពេលនេះ៕