(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ពេលថ្មីៗនេះបានប្រកាសបញ្ចប់កិច្ចសន្យាមន្ត្រី ២រូបគឺ គ្រូបង្វឹកសម្រាប់អ្នកចាំទី លោក Yasuyuki Yoshida និងពេទ្យកាយសម្បទា លោក Samuel Mannings ស្របពេលដែលគ្រូបង្វឹកដែលអ្នកគាំទ្រចង់បានលោក Leonardo Victorino ប្រកាសកិច្ចសន្យាអស់សុពលភាពនៅប្រេស៊ីល ហើយលោកនឹងត្រឡប់មកអាស៊ីជាថ្មី សម្រាប់អ្នកទាំងពីរ ជាអ្នកទី៣ បន្ទាប់ពីគ្រូបង្គោល Sainbury ដែលត្រូវបានក្លឹបមិនបន្តកិច្ចសន្យាជាថ្មី ក្រោយចប់រដូវកាលឆ្នាំ២០១៨ នេះបើតាមក្លឹបភ្នំពេញក្រោន បានប្រកាសកាលពីថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨។

សម្រាប់អ្នកមកជំនួសវិញ គោលដៅធំមួយរបស់ក្លឹបគឺលោក Leonardo ទម្លាយលើបណ្តាញសង្គមអមជាមួយភាសាខ្មែរនៅខាងក្រោមថា «ខ្ញុំសូមជូនដំណឹងថា ខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្ញុំកាលពីម្សិលមិញ ជាមួយក្លឹបរបស់ខ្ញុំនៅទីនេះ នៅប្រទេសប្រេស៊ីល ព្រោះខ្ញុំនឹងផ្លាស់ទៅខាងអាស៊ីវិញ មិនយូរប៉ុន្មានខ្ញុំនឹងជូនដំណឹងដល់អ្នកគ្រប់គ្នានូវទិសដៅថ្មីរបស់ខ្ញុំ» ខណៈលោកមិនបានបញ្ជាក់ថាប្រទេសណាមួយទេ។

គួរបញ្ជាក់ផងដែរថា លោក Yasuyuki Yoshida បានចូលរួមជាមួយក្លឹបភ្នំពេញក្រោន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ចំណែកឯលោក Samuel Mannings បានចូលរួមនៅថ្ងៃខែមករា ឆ្នាំ២០១៨៕