(ភ្នំពេញ)៖ អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ១០០% ច្បាស់ជាស្គាល់ បើនិយាយពីអ្នកចាំទីឆ្នើម ស៊ូ យ៉ាទី បើទោះបីក្នុង បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាចុងក្រោយ ដែលទើបប្រកាសកាលពីពេលថ្មីៗគ្មានវត្តមានគេក៏ដោយ។ ប៉ុន្ដែទន្ទឹម ជាមួយគ្នា តើអ្នកទាំងអស់គ្នាដឹងទេថា រហូតមកទល់ពេលនេះ អ្នកចាំទីវ័យ ២៧ឆ្នាំរូបនេះ ធ្លាប់បានជួយក្រុមណាខ្លះ លើកពានក្នុងស្រុក បើគិតទាំងក្រុមណាហ្គាវើល ដែលទើបលើកពានក្របខណ្ឌលីគកំពូលកម្ពុជាកាលពីពេលថ្មីៗ?

គិតត្រឹមឆ្នាំ២០១៨ នេះ ស៊ូ យ៉ាទី បានប្រឡូកក្នុងវិស័យបាល់ទាត់រយៈពេល ១២ឆ្នាំមកហើយ ដោយគេបានលេងឲ្យក្លឹបធំៗចំនួន៥ បើគិតចាប់ពីឆ្នាំ២០១៦ ខណៈក្នុងនោះមានក្លឹបចំនួន៤ ដែលរូបគេបានជួយឲ្យលើកពាន។ ឆ្នាំ២០០៦-២០០៧ យ៉ាទី បានលេងឲ្យក្លឹបបៀលប្រាយយូណាធីត តែមិនទទួលបានលទ្ធផលល្អនោះទេ។ បន្ទាប់មកទើប បានផ្ទេរមកលេងឲ្យក្លឹបក្រសួងការពារជាតិ ពីឆ្នាំ២០០៩-២០១៣ ហើយបានជួយក្រុមនេះ លើកពានសម្ដេចតេជោ ហ៊ុន សែន ម្ដងក្នុងឆ្នាំ២០១០។

ដោយចង់បានបទពិសោធន៍ថ្មី នៅឆ្នាំ២០១៣ រូបគេបានផ្ទេរទៅលេងឲ្យក្រុមភ្នំពេញក្រោន ដោយលេងបាន ២រដូវកាល ក្នុងនោះជួយភ្នំពេញក្រោន លើកពានលីគកំពូលកម្ពុជាបានម្ដង ក្នុងឆ្នាំ២០១៤ មុនផ្លាស់ទៅលេងឲ្យក្រុមបឹងកេត ចាប់ពីឆ្នាំ២០១៥ ដល់ពាក់កណ្ដាលរដូវកាលទី២០១៨ ហើយបានជួយក្រុមមានប្រភពពីខេត្តកំពង់ចាមនេះលើកពានលីគ ២ឆ្នាំជាប់គ្នា ក្នុងឆ្នាំ២០១៦-២០១៧។ ចុងក្រោយកីឡាករមានដើមកំណើតនៅរាជធានីភ្នំពេញ បានប្ដូរមកលេងឲ្យណាហ្គាវើល នៅពាក់កណ្ដាលរដូវកាលឆ្នាំ២០១៨ ហើយក៏រួមចំណែកជួយក្រុមលោក មាស ចាន់ណា លើកពានទៀត។

សរុបមក ស៊ូ យ៉ាទី បានជួយក្លឹបចំនួន៤ លើកពានចំនួន៥ គឺពានសម្ដេចតេជោ ហ៊ុន សែន ម្ដង និងពានក្របខណ្ឌលីគកំពូលកម្ពុជា ៤ដង។ លើសពីនេះ យ៉ាទី ក៏បានឈ្នះពានរង្វាន់ស្រោមដៃមាសជាច្រើនផងដែរ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀត គឺរាល់ការកោះហៅប្រមូលផ្ដុំជម្រើសជាតិ យ៉ាទី តែងតែងជាប់មិនសូវលោះនោះទេ លើកលែងករណីចាំបាច់ជាក់ស្ដែងពេលនេះ ដោយសារគេរបួសប្រេះឆ្អឹងដៃ គេមិនអាចចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមប្រកួតមិត្តភាពជាមួយទីម័រខាងកើត និងសិង្ហបុរី នាពេលឆាប់ៗខាងមុខនោះទេ៕