(ភ្នំពេញ)៖ ទស្សនិកជនដែលតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី៣ ប្រាកដជាស្គាល់ កញ្ញា ដា សុម៉ាវត្តី ច្បាស់ហើយ ព្រោះតារារូបនេះក៏មានទស្សនិកជនគាំទ្រមិនតិចនោះទេ ក្នុងវគ្គ Live Show។ ទោះមិនទទួលបានជយលាភីក្តី តែបច្ចុប្បន្ននាងកំពុងមមាញឹក​នឹងអាជីពជាអ្នកចម្រៀងខ្លាំងណាស់ដែរ។ យ៉ាងណាមិញទស្សនិកជនមិនបានដឹងនោះទេ ថាតើតារារូបនេះមានការតស៊ូអ្វីខ្លះ ទំរាំបានក្លាយជាតារាចម្រៀង តាមក្តីស្រមៃរបស់នាង។ ដូច្នេះរាល់អាថ៌កំបាំងទាំងនេះ នាងនឹងចូលខ្លួនមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

បើគេនៅចាំមិនភ្លេច កញ្ញា ដា សុម៉ាវត្តី មានការតស៊ូជាច្រើនក្នុងការងារសិល្បៈ ព្រោះមុននឹងចូលប្រឡងចម្រៀងក្នុងកម្មវិធី «Cambodian Idol» នាងក៏ធ្លាប់ចូលប្រឡងក្នុងកម្មវិធី «The Voice Cambodia» ដែរ តែបរាជ័យ។ ដោយសារការមិនចុះចាញ់ និងចិត្តចង់ក្លាយជាតារាចម្រៀង បានជំរុញចិត្ត ដា សុម៉ាវត្តី ឱ្យចូលប្រឡងក្នុងកម្មវិធីចម្រៀង ««Cambodian Idol» បន្តទៀត រហូតក្លាយជាតារាចម្រៀងមកទល់នឹងសព្វថ្ងៃ។

បច្ចប្បន្ន ដា សុម៉ាវត្តី ត្រូវបានគេដឹងថា តែងតែបង្ហាញវត្តមានលើឆាកប្រគំតន្រ្តីនាៗ ទាំងក្នុងទូរទស្សន៍ហង្សមាស និងស្ថានីយទូរទស្សន៍ផ្សេង ព្រោះសមត្ថភាពចម្រៀងរបស់នាងក៏មិនចាញ់តារាផ្សេងៗប៉ុន្មានដែរ។

យ៉ាងណាមិញ ដើម្បីបង្ហាញការតស៊ូ ពុះពារឧបសគ្គក្នុងជីវិតរបស់ខ្លួនឱ្យទស្សនិកជនជ្រាប់កាន់តែច្បាស់ ដា សុមាវត្តី  នឹងចូលខ្លួនធ្វើជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ដូច្នេះកុំភ្លេចរងចាំទស្សនា ការបកស្រាយរបស់តារាកិត្តិយសយើងទាំងអស់គ្នា។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»  មានការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ចុងសប្តាហ៍នេះ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យទី០៧ ខែតុលា វេលាម៉ោងដដែល៕