(ភ្នំពេញ)៖​ ដោយទទួលបានការឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១,៣៧៤ដុល្លារពីកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បុរសម្នាក់បានប្រកាសរៀបចំពានរង្វាន់លក្ខណៈមិត្តភាពមួយ នៅស្រុកកៀនស្វាយរៀង ដើម្បីផ្ដល់ឱកាសដល់យុវជននៅទីនោះ បានចូលរួមលេងកីឡា  ដោយពាននេះត្រូវបានដាក់ឈ្មោះថា «ចាន់ វឌ្ឍនាកា ខាប់-CV11 CUP»

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sam Pi ដែលគេស្គាល់ផ្ដួចផ្ដើមរៀបចំពានខាងលើ បានសរសេរថា «សូមគោរពអរគុណ Super Star ឆ្នើមក្លឹបបឹងកេត និងជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ដែលបានជួយបរិច្ចាកនូវថវិការផ្ទាល់ខ្លួនចំនួន 1374$ មកដល់រូបខ្ញុំបាទ រៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់នៅស្រុកកៀនស្វាយ ដោយពានរង្វាន់ខាងលើនោះមានឈ្មោះថា ចាន់ វឌ្ឍនាកា ខាប់-CV11 CUP»

បុរសដដែលបន្ដថា «តបតាមសន្តានចិត្តដ៏សប្បុរសធម៍  និងជាគំរូយ៉ាងល្អសម្រាប់ កីឡាករល្បីៗដ៏ទៃទៀតដែលមានធនធានរួមចំណែកគ្នា ជួយដល់វិស័យកីឡាតាមសហគមន៍នោះ យើងខ្ញុំទាំងអស់គ្នាជាអ្នកស្រុកកៀនស្វាយសូមគោរពជូនពរកីឡាករ ចាន់ វឌ្ឍនាកា មានសុខភាពល្អ សំណាងល្អទេវតាវត្ថុសាកសិទ្ធទាំងឡាយតាមថែរក្សាគ្រប់ពេលវេលា ជោគជ័យគ្រប់ភារកិច្ចទាំងអស់»

យ៉ាងណាមិញ ទោះបីមានការប្រកាសឧតប្ថម្ភ និងរៀបចំពីបុរសអ្នកស្រុកកៀនស្វាយខាងលើក៏ពិតមែន ប៉ុន្ដែមិនមានការបញ្ជាក់ពីកាលបរិច្ឆេទក្នុងការរៀបចំនោះទេ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺគេឃើញកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញនូវកាយវិការដ៏ល្អ ដើម្បីចូលរួមបំផុសយុវជនតាមស្រុកឲ្យចូលរួមលេងកីឡា និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ហើយគេសង្ឃឹមថា កីឡាករផ្សេងៗ នឹងរួមគ្នាធ្វើដូច្នេះ ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន៕