(ភ្នំពេញ)៖ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបង្ហើបពីគម្រោងវិលមក កាន់ទឹកដីអាស៊ីវិញនាពេលឆាប់ៗខាងមុខនេះ នេះបើយោងតាមគណនី Facebook បង្ហោះនៅថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ នេះ។

អ្វីដែលកាន់តែច្បាស់ថែមទៀតនោះ គឺអាចនៅកម្ពុជាជាទីដែលលោកចាកចេញកាលពីខែតុលា ឆ្នាំ២០១៧ ក្រោយដឹកនាំក្រុមរហស្សនាម «គោព្រៃ» បាន៧ខែ ដោយបានសរសេរជាភាសាអង់គ្លេស អមដោយបកប្រែជាភាសាខ្មែរទៀតថា «I’d like to inform that I finish yesterday my deal with my Club here in Brazil because I will move to Ásia. Soon I will inform everybody my new destination.
ខ្ញុំសូមជូនដំណឹងថា ខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្ញុំកាលពីម្សិលមិញជាមួយក្លឹបរបស់ខ្ញុំនៅទីនេះ នៅប្រទេសប្រេស៊ីល ព្រោះខ្ញុំនឹងផ្លាស់ទៅខាងអាស៊ីវិញ។ មិនយូរប៉ុន្មានខ្ញុំនឹងជូនដំណឹងដល់អ្នកគ្រប់គ្នានូវទិសដៅថ្មីរបស់ខ្ញុំ»។

ប្រសិនបើកើតឡើងពិតមែននោះ មិនមែនក្រុមជម្រើសជាតិនោះទេ ដ្បិតរូបលោកធ្លាប់ធ្វើការជាមួយ FFC បាន៧ខែ មិនសូវទទួលបានជោគជ័យ តែអាចក្នុងក្លឹបអាជីព ភ្នំពេញក្រោន ដែលសំបូរទៅដោយយុវជនថ្នាល ខណៈអតីតក្លឹបជើង ឯកលីគកំពូល ៦សម័យនេះ កំពុងខ្វះគ្រូបង្វឹកផងនោះ បន្ទាប់ពីសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិអង់គ្លេស Sean Sainsbury ក្រោយចប់រដូវកាលឆ្នាំនេះ ក្នុងចំណាត់ថ្នាក់លេខ៥៕