(ភ្នំពេញ)៖ អតីតបេក្ខភាពជយលាភី «Cambodin Idol» រដូវកាលទី២ លោក គ្រី ថៃពៅ បន្ទាប់ពីបានក្លាយជាម្ចាស់ពាន នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដ៏ធំ ប្រចាំប្រទេសកម្ពុជារួចមក គេសម្គាល់ឃើញថា ទីផ្សារសិល្បៈរបស់លោក ហាក់មានភាពស្ងប់ស្ងាត់ និងនៅមិនទាន់មានបទចម្រៀង ណាមួយផ្ទុះខ្លាំង ដូចម្ចាស់ពានផ្សេងៗទៀតនោះទេ ដូចជា នី រតនា, និង ថែល ថៃ ជាដើមនោះ ពួកគេសុទ្ធតែមានបទល្បីរៀងៗខ្លួន យ៉ាងហោចណាស់ក៏មាន១បទទៅ២បទដែរ។ ម្យ៉ាងវិញទៀតម្នាក់ៗមមាញឹកស្ទើរ​តែដកខ្លួនមិនរួច និងមានចម្រៀងចេញជាបន្តបន្ទាប់​។

ថ្វីត្បិតតែពេលនេះ លោកនៅមិនទាន់មានអ្វី ដែលគួរឲ្យចាប់អារម្មណ៍មែន តែរូបគេនៅមានពេលវេលាច្រើនទៀត ក្នុងការបង្កើននូវប្រជាប្រិយភាព ក៏ដូចជាភាពល្បីល្បាញ និងការគាំទ្រពីសំណាក់​ទស្សនិក ខណៈដែលគេសម្គាល់ឃើញថា ផលិតកម្មហង្សមាស ដែលកន្លងមក ឲ្យតែចង់ លើកតារាណាមួយ ឲ្យមានកេ្តរិ៍ឈ្មោះល្បីហើយនោះ គឺត្រូវតែល្បីតែម្ដង។ ដោយថ្មីៗផលិកម្មហង្សមាស​ក៏បានរុញ គ្រី ថៃពៅ ឲ្យចូលទៅថតភាពយន្តភាគតាមរយៈរឿង «ខ្ញុំមានញាណលើស» ដែល លោក គ្រី ថៃពៅ ត្រូវសម្តែងប៉ះជាមួយរៀមច្បង ​មានកេរ្តិ៍ឈ្មោះល្បី រួមមានដូចជា ឆន សុវណ្ណារាជ, ណុប ប៉ាយ៉ារិទ្ធ, សយ រតនៈ, សុខ ស្រីនាង និង ប៉ាច គីមមួយ ជាដើម៕