(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធមានប្រភពមកពីខេត្តកំពង់ធំ គួច សុកុម្ភៈ បានថ្លែងប្រកបដោយក្តីសប្បាយចិត្ត ដោយសារតែរូបគេមានអាយុច្រើនហើយ នៅមានឱកាសជួយក្លឹបណាហ្គាវើលលើកពានទៀត។ និយាយទៅ យើងពិបាកពីព្រោះក្លឹបបាល់ទាត់នៅស្រុកខ្មែរពីមួយឆ្នាំទៅមួយឆ្នាំអភិវឌ្ឍលឿនណាស់ អ៊ីចឹង ប្រសិនបើខ្ញុំនៅតែមានឱកាស ខ្ញុំនឹងប្រឹងប្រែងជួយណាហ្គាវើលឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំបន្ថែមទៀត។

អ្វីដែលសំខាន់ផងនោះ កីឡាករជើងចាស់ គួច សុកុម្ភៈ អះអាងថា ការប្រកួតបាល់ទាត់កម្រិតកំពូលកម្ពុជា កាន់តែតានតឹងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ តែយ៉ាងណាក៏ដោយ រូបគេនឹងប្រឹងប្រែងជួយណាហ្គាវើលក្រសោបជើងឯក Metfone Cambodian League បន្តបន្ទាប់ទៅមុខទៀត ប្រសិនបើនៅមានឱកាសលេង។

សូមបញ្ជាក់ផងដែរថា នេះជាក្លឹបទី៣ដែល គួច សុកុម្ភៈ បានរួមចំណែកឈ្នះជើងឯក MCL បន្ទាប់ពីធ្វើបាន២លើកនៅខេមរាកីឡា ឆ្នាំ២០០៥, ២០០៦ នៅភ្នំពេញក្រោន២០១១ និង ២០១៤ មុនឈ្នះនៅណាហ្គាវើល ឆ្នាំ២០១៨នេះ៕