(ភ្នំពេញ)៖ ពិតជារឿងមួយធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ពេលឃើញរូបថត Pre-Wedding ជាច្រើនសន្លឹករបស់ កញ្ញា លាង សុធា ហៅប៉ុបពី ជាមួយ​ស្វាមី ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។ មូលហេតុដែលទស្សនិជនភ្ញាក់ផ្អើលខុសធម្មតា គឺបន្ទាប់ពីតារា​រូបនេះ ធ្លាប់បង្ហោះសារសុំទោសអ្នកមានគុណ ពីរឿងគ្មានផ្កាស្លាជូន ឪពុកម្តាយ ដូចកូនប្រុសស្រីគេដទៃ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងរូបថត Pre-Wedding ព្រមទាំងថា នឹងមានដំណឹងល្អឆាប់ៗនេះ ពោលគឺជិតចូលរោងការ ជាមួយប្តីក្មេងតែម្តង។

ជាការកត់សម្គាល់ តារាស្រីកញ្ញា ប៉ុបពី មួយរយៈចុងក្រោយមកនេះ នាងមានទីផ្សារសិល្បៈមមាញឹកខ្លាំង ក្រៅពីធ្វើជាតារាសម្តែង និងពិធីការិនីក្នុងកម្មវិធីសិល្បៈនានា នាងក៏ត្រូវប៉ាន់ខាងថតសំអាងការផងដែរ។ ការមមាញឹកនេះ គឺធ្វើឲ្យប៉ុបពី រកចំណូលបានកាន់តែច្រើន ព្រោះគួបផ្សំនឹងសមត្ថភាព ព្រមទាំងរូបសម្រស់របស់នាង ស្អាតមិនចាញ់តារាផ្សេងផងនោះ។

យ៉ាងណាមិញ ការទម្លាយរូប Pre-Wedding ជាមួយនឹងស្វាមី រួមរស់ក្រោមដំបូលជាមួយគ្នា អស់រយៈពេលច្រើនឆ្នាំមកហើយនេះ ហាក់ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថា ប៉ុបពី នឹងចូលរោងការជាមួយប្តី ក្នុងពេលឆាប់ៗនេះ។ ដោយសារទស្សនិកជនភាគច្រើន គិតថា នាងមិនរៀបការតាមប្រពៃណីនោះទេ ដោយហេតុបានរស់នៅជាមួយនឹងប្តី ច្រើនឆ្នាំមកហើយ និងមួយវិញទៀត គឺផ្អែកទៅលើសារដែលថា គ្មានផ្កាស្លាជូនអ្នកមានគុណនេះតែម្តង។

បើតាមហ្វេសប៊ុករបស់ ប៉ុបពី ផ្ទាល់បានសរសេរសារភ្ជាប់យ៉ាងដូច្នេះថា «ទោះបីជាពេលនេះ ខ្ញុំគ្រាន់តែថតស្ប៉តឲ្យសម្អាងការមិនមែនថត Pre-Wedding ក៏ដោយតែមិនយូរទេ ខ្ញុំនិងគាត់ប្រាកដជាមានដំណឹងល្អ ជាមួយគ្នាក្នុងពេលឆាប់នេះ។ ប៉ុន្តែខ្ញុំសុំលាក់សិន ព្រោះចង់ឲ្យពុកម៉ែបងប្អូន មានការភ្ញាក់ផ្អើលនៅពេលក្រោយទៀត»

ជាមួយគ្នានឹងការបង្ហាញសារខាងលើ មានទស្សនិកជនជាច្រើន បានជូនពរឲ្យមានរៀបការតាមប្រពៃណីឆាប់ ព្រមទាំងមានសុភមង្គល ជាមួយប្តីទៀតផង។ មួយវិញទៀត ចំណងស្នេហ៍របស់​ ប៉ុបពី ជាមួយកំលោះសង្ហា ប៊ីលី ប៊ីលី ក៏ត្រូវបានគេដឹងថា បានចាប់ផ្ដើមឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨៕